
នៅថ្ងៃអង្គារ (២៥មេសា)នេះ ក្រសួងការបរទេសចិន បានច្រានចោលការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly ពីបទពង្រីកយោធាដ៏សំខាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះថាជារឿង "មិនសមហេតុសមផលទាល់តែសោះ" ។
ក្នុងអំឡុងសុន្ទរកថានាពេលថ្មីៗនេះ លោក Cleverly បាននិយាយថា លោកនឹងជំរុញឱ្យប្រទេសចិនបើកចំហបន្ថែមទៀតអំពីហេតុផលនៅពីក្រោយអ្វីដែលលោកហៅថាការកសាងយោធាដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យកាលសន្តិភាព។ លោកបានបន្ថែមថា ចក្រភពអង់គ្លេសបើកចំហអំពីការស្វែងរកកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយសម្ព័ន្ធមិត្តនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយបានអំពាវនាវឱ្យប្រទេសចិន មានភាពច្បាស់លាស់អំពីចេតនារបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះថា ប្រទេសចិនបន្តអនុវត្ត "គោលនយោបាយការពារជាតិ" ដែលផ្តោតតែលើ "ការការពារសន្តិសុខផ្ទាល់ខ្លួនរបស់ប្រទេសចិនប៉ុណ្ណោះ" ។
ទំនាក់ទំនងរវាងអង់គ្លេស និងចិន បានធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយសារទីក្រុងឡុងដ៍បានរឹតបន្តឹងការវិនិយោគរបស់ចិន ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ ហើយកាន់តែមានការព្រួយបារម្ភអំពីការបង្កើនសមត្ថភាខាងយោធា និងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង។