អាកាសយានដ្ឋាន ប៊ែរឡាំង -ប្រ៊ែនដិនប៊ើក (Berlin-Brandenburg) របស់ប្រទេសអាល្លឺម៉ង់ បានលុបចោលជើងហោះហើរប្រមាណ៣០០ជើង កាលពីថ្ងៃចន្ទ ខណៈបុគ្គលិកសន្តិសុខចាប់ផ្ដើមដើរចេញពីការងារមួយថ្ងៃពេញដោយសារតែជម្លោះដែលនៅតែបន្តជុំវិញ ការដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។

ក្បួនកូដកម្មបានចាប់ផ្ដើមកាលពីម៉ោង៣និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ហើយគ្រោងនឹងបន្តរហូតដល់យប់ជ្រៅ នេះបើយោងតាមសហជីពពាណិជ្ជកម្ម (ver.di trade union) ។
ប្រតិបត្តិករអាកាសយានដ្ឋានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ដោយសារតែការព្រមាន ធ្វើកូដកម្មត្រូវបានប្រកាស នៅការិយាល័យគ្រប់គ្រងសន្តិសុខអាកាសចរណ៍ស៊ីវិល គ្មានការចេញដំណើរណាមួយកើតមានឡើយ ។
ប្រភពខាងលើបានបន្ថែមថា ការមកដល់នៃជើងហោះហើរនានា អាចត្រូវបានប៉ះពាល់ដោយការលុបចោល ហើយការផ្លាស់ប្ដូរជើងហោះហើរដែលបានគ្រោងទុក អាចកើតឡើងដោយសារតែការព្រមានកូដកម្ម។
ក្រុមអ្នកដំណើរ ត្រូវបានណែនាំឲ្យទាក់ទងទៅក្រុមហ៊ុនអាកាសចរណ៍ ឬ ទីភ្នាក់ងារធ្វើដំណើររបស់ខ្លួន សម្រាប់ព័ត៌មានស្ដីពីការកក់សំបុត្រយន្តហោះជាថ្មី និងជម្រើសម្រាប់ការធ្វើដំណើរ។

សហជីពដែលបានធ្វើកូដកម្មជាច្រើនលើកកាលពីសប្ដាហ៍មុននៅអាកាសយានដ្ឋានសំខាន់ៗផ្សេងទៀត កំពុងទាមទារឲ្យដំឡើងប្រាក់ឈ្នួលថែមម៉ោង ឬ លុយ OT និងដំឡើងប្រាក់ឈ្នួលសម្រាប់ការងារថ្ងៃចុងសប្ដាហ៍ថ្ងៃឈប់សម្រាកបុណ្យជាតិ និងអំឡុងការផ្លាស់ប្ដូរវេនពេលយប់៕