យោងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា បម្រែបម្រួលអាកាសធាតុ កំពុងជំរុញចំនួនឲ្យកើនឡើង ករណីជំងឺគ្រុនចាញ់ នៅក្នុងប្រទេសប៉ាគីស្ថាន និងម៉ូហ្សំប៊ីក។

ការសិក្សាធ្វើឡើងដោយមូលនិធិសកល(Global Fund) បាននិយាយថា បញ្ហាអាកាសធាតុនៅពេលថ្មីៗនេះ បាននាំទៅរកការកើនឡើងករណីជំងឺដែលចម្លងដោយសត្វមូស។
ការសិក្សាបានលើកឡើងពីទឹកជំនន់ដែលបានបំផ្លាញនៅក្នុងប្រទេសប៉ាគីស្ថានកាលពីឆ្នាំមុន ជាការជំរុញឲ្យករណីកើនឡើងកាន់តែច្រើន។ ការសិក្សាបានព្រមានថា អាកាសធាតុកាន់តែក្តៅ កំពុងបណ្តាលឲ្យមានការរាលដាលខ្លាំងនៃចំនួនសត្វមូស។

យោងតាមទិន្នន័យអង្គការសុខភាពពិភពលោកចុងក្រោយនេះ បានឲ្យដឹងថា ទ្វីបអាហ្វ្រិក បន្តទទួលបន្ទុកធ្ងន់ធ្ងរបំផុតនៃជំងឺនេះ ដែលបានកើតមានក្នុងឆ្នាំ២០២១ មានប្រមាណ៩៥ភាគរយ នៃករណីជំងឺគ្រុនចាញ់ ហើយមាន៩៦ភាគរយនៃចំនួនអ្នកស្លាប់ ដោយអ្នកស្លាប់ច្រើនបំផុតក្នុងចំណោមកុមារមានអាយុក្រោម ៥ឆ្នាំ។