កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្តរបស់ក្រុមហ៊ុនយ៉ូរ៉ា ហាណេស ខេមបូឌា (Yura Harness Cambodia) ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមជម្រាបជូនថា រោងចក្រ Yura Harness Cambodia ត្រូវបានសាងសង់ឡើងមានផ្ទៃក្រឡាសរុប ១៧,៥០០ម៉ែត្រការ៉េ និងមានបុគ្គលិកចំនួនប្រមាណ ១,១០០ នាក់ ដើម្បីផលិតខ្សែភ្លើងចំនួន ១១៥,០០០ ក្នុងមួយឆ្នាំ ក្នុងទុនវិនិយោគសរុបប្រមាណ ១៥លានដុល្លារអាម៉េរិក ខ្សែភ្លើងទាំងអស់ដែលផលិតនៅទីនេះ នឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុរថយន្ដ Hyundai motor និង Kia motors ដែលនឹងជួយរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសកូរ៉េ និងកម្ពុជា។
ខ្សែភ្លើងគឺជាប្រព័ន្ធខ្សែដែលបញ្ជូន និងទទួលថាមពលអគ្គីសនី និងសញ្ញាអគ្គិសនីដល់ផ្នែក នីមួយៗនៃរថយន្ដ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនិងគុណភាពរបស់រថយន្ដ។ លើសពីនេះ វាក៏ជាផលិតផលដ៏ស្មុគស្មាញដែលទាមទារការកែច្នៃ ,ការផ្គុំវត្ថុធាតុដើមរាប់ពាន់មុខ និងកម្លាំងពលកម្មជំនាញ៕










