លោកប្រធានាធិបតី Joe Biden បានប្រកាសឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីអាណត្តិទី២របស់លោក កាលពីថ្ងៃអង្គារ ដោយសន្យាការពារសេរីភាពរបស់អាមេរិកពីក្រុមជ្រុលនិយម ពាក់ព័ន្ធនឹងអតីតប្រធានាធិបតីលោក Donald Trump ដែលលោកបានយកឈ្នះកាលពីឆ្នាំ២០២០និងអាចប្រឈមជាថ្មីនៅក្នុងឆ្នាំ២០២៤ខាងមុខ។

លោក Biden បានប្រកាសតាមវីដេអូមួយ ដែលបានបញ្ចេញដោយក្រុមយុទ្ធនាការថ្មីរបស់លោកដែលបើកកកាយរូបភាពកាលថ្ងៃទី៦ខែមករា ឆ្នាំ២០២១ ជាថ្ងៃមានការវាយប្រហារលើវិមានកាពីតូលសហរដ្ឋអាមេរិក ពីសំណាក់ក្រុមអ្នកគាំទ្រលោក Trump។
លោកបានហៅវេទិការបស់គណបក្សសាធារណរដ្ឋថាជាការគំរាមកំហែងដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋអាមេរិក ដោយបានប្ដេជ្ញាប្រឹងប្រែងដើម្បីកណត់សេវាថែទាំសុខភាពរបស់ស្ត្រី កាត់បន្ថយរបបសន្តិសុខសង្គម និងការហាមប្រាមចេញផ្សាយសៀវភៅប៉ះពាល់ដល់នយោបាយ និងបានរិះគន់ ក្រុមជ្រុលនិយម “MAGA។
MAGA គឺជាអក្សកាត់នៃពាក្យស្លោកថា ធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀតរបស់លោក Trump ដែលជាបេក្ខជននាំមុខក្នុងការប្រកួតប្រជែងដំណាក់កាលបឋមរបស់គណបក្សសាធារណរដ្ឋ ។ ប្រសិនបើលោកឈ្នះ លោកនឹងជួបជាមួយលោក Biden ជាថ្មីក្នុងការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២៤។
លោក Biden វ័យ៨០ ឆ្នាំ ត្រូវតែជម្នះរាល់ក្ដីកង្វល់របស់ពលរដ្ឋអាមេរិកពាក់ព័ន្ធនឹងវ័យរបស់លោក ក្នុងការឈ្នះឆ្នោតអាណត្តិទី២ ដោយចំនួន៤៤%នៃក្រុមអ្នកប្រជាធិបតេយ្យនិយាយថា លោកចាស់ពេកហើយក្នុងការឈរឈ្មោះបោះឆ្នោត នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters និងIpsosដែលបានបញ្ចប់រួចរាល់កាលពីថ្ងៃចន្ទ។
លោក Trumpវ័យ៧៦ ឆ្នាំក៏ត្រូវប្រឈមក្ដីបារម្ភផងដែរអំពីវ័យរបស់លោក ដោយមាន៣៥% នៃក្រុមអ្នកសាធារណរដ្ឋនិយាយថា លោកចាស់ពេកហើយដែរ ៕