ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសានេះ ធនាគារកាណាឌីយ៉ា បានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនូវសាខាឆ្លាតវៃទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យ ផ្លូវលេខ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា ថ្លែងថា សាខាធនាគារវៃឆ្លាតនេះ គឺមានបំពាក់សម្ភារៈប្រព័ន្ធឌីជីថល ដាក់-ដក ទូទាត់ ផ្ទេរសាច់ប្រាក់ស្វ័យប្រវត្តិ ដែលផ្តល់ភាពងាយស្រួលជាងគេ នៅប្រទេសកម្ពុជា។
ក្នុងឱកាសបើកសាខាធនាគារកាណាឌីយ៉ាវៃឆ្លាតថ្មីស្ទឹងមានជ័យនេះ លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា បានថ្លែងថា អស់រយៈពេលជាង ៣២ឆ្នាំមកហើយ ដែលធនាគារកាណាឌីយ៉ាបានបើកដំណើរផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា មានស្ថេរភាពហិរញ្ញវត្ថុរឹងមាំ និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្តថា ធនាគារកាណាឌីយ៉ា សាខាស្ទឹងមានជ័យ គឺជាសាខាទី៦៨ ដែលសាខានេះមានផ្តល់សេវាធនាគារពេញលេញ បំពាក់ដោយម៉ាស៊ីនស្វ័យសេវាធនាគារ ដូចជា ម៉ាស៊ីនឌីជីថលបង្កើតគណនីដោយខ្លួនឯងបំពាក់ម៉ាស៊ីន CRM ដាក់ប្រាក់ ដកប្រាក់ និងដាក់មូលប្បទានប័ត្រ បំពាក់ម៉ាស៊ីនបោះពុម្ភកាតSEM ដែលអាចទទួលបានកាតឥណពន្ធពីធនាគារ កាណាឌីយ៉ា ក្នុងរយៈពេលខ្លី ព្រមទាំងមានបំពាក់ម៉ាស៊ីន ATM សម្រាប់ដាក់-ដកប្រាក់ជាច្រើនគ្រឿងជាដើមផងដែរ។
លោក Raymond Sia បន្តថា សេវាកម្មក្នុងសាខាឆ្លាតវៃថ្មីនេះ ក៏បានរៀបចំឱ្យស្របនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ដែលមានដូចជា ការបើកគណនីប្រើប្រាស់ម៉ាស៊ីនស្វ័យសេវាធនាគារ ការស្នើសុំកម្ចីឥណទានសម្រាប់សហគ្រាសធនតូច និងមធ្យម សេវាកម្មផ្ទេរប្រាក់ក្នុង ឬក្រៅស្រុក ឬសេវាបើកប្រាក់បៀវត្សសម្រាប់អាជីវកម្ម និងសាជីវកម្មផងដែរ ហើយកាន់តែងាយស្រួល អតិថិជនអាចប្រើប្រាស់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ តាមតម្រូវការរបស់ខ្លួន តាមរយៈប្រើប្រាស់កម្មវិធី Canadia Bank App ជំនាន់ថ្មី ទូទាត់សាច់ប្រាក់មានភាពរហ័សផងដែរ។
ក្នុងឱកាសនេះលោក ក៏បានថ្លែងអំណរគុណអតិថិជនទាំងអស់ ដែលតែងតែបន្តផ្តល់ទំនុកចិត្ត និងជ្រើសរើសធនាគារកាណាឌីយ៉ា ជា “ធនាគារជម្រើសដំបូង និងជាដៃគូហិរញ្ញវត្ថុ” ដែលធ្វើធនាគារបន្តការប្តេជ្ញាក្នុងការនាំយកនូវផលិតផល និងសេវាកម្ម ដើម្បីធានានូវលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ទូទាំងប្រទេស៕ អត្ថបទ ស៊ុម សុខជា








