បាល់ទាត់៖ លោក Kazunori Inoue គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៥ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី បានបង្ហាញនូវឆន្ទៈជាថ្មីក្នុងការព្យាយាមបណ្ដុះបណ្ដាលយុវជន ឲ្យក្លាយជាកីឡាករល្អម្នាក់តាមរយៈការខិតខំប្រឹងប្រែងហ្វឹកហាត់ ទោះបីពុំទាន់មានការប្រកួត អំឡុងពេលរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក៏ដោយ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នក្រុមយុវជនទាំងអស់កំពុងបិទទ្វារហ្វឹកហាត់ នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូលឡើយ។ ទន្ទឹមជាមួយគ្នា ក្រុមការងារគ្រូក៏បានព្យាយាមពង្រឹងនូវបច្ចេកទេស កាយសម្បទា រួមទាំងការលើកទឹកចិត្ត ដើម្បីអនាគតរបស់កីឡាករម្នាក់ៗផងដែរ។ ជាមួយគ្នាដែរ កីឡាករយុវជនមកពីខេត្តផ្សេងៗ ដែលត្រូវបានជ្រើសរើសមកបណ្ដុះបណ្ដាលនៅទីនេះ បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំងដែលបានហ្វឹកហាត់ ស្នាក់នៅ នៅសាលាបាល់ទាត់ជាតិបាទី ធ្វើឲ្យពួកគេមានទំនុកចិត្ត និងភាពកក់ក្ដៅក្នុងការហ្វឹកហាត់រៀងៗខ្លួន ដើម្បីសម្រួចសមត្ថភាព និងក្លាយខ្លួនជាកីឡាករល្អម្នាក់លើទីលាននាថ្ងៃអនាគត។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលស្នាក់នៅ និងរៀនសូត្រនៅទីនោះបាននឹងកំពុងបិទទ្វារហ្វឹកហាត់ ដោយគោរពវិធានការបង្ការជំងឺកូវីដ-១៩ ហើយបិទមិនឲ្យមានការចេញ-ចូលដោយគ្មានការអនុញ្ញាតនោះទេ។ លោក Kazunori បានអះអាងថា នៅទីនោះគឺមានសុវត្ថិភាពបំផុត សម្រាប់កូនក្រុមរបស់ខ្លួនក្នុងការហ្វឹកហាត់ និងរស់នៅ៕
អត្ថបទ៖ លី ឈុនឡា