ភ្នំពេញ៖ ពិព័រណ៍ស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ «BeyondTheGames» ចាប់ផ្តើមអនុញ្ញាតឱ្យសាធារណៈជនចូលទស្សនាពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៣។ ពិព័រណ៍នេះ ប្រារព្ធធ្វើឡើងនៅសួនច្បារ វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ ស្ថិតនៅរាជធានីភ្នំពេញ។
បើតាមសាធារណៈជនចូលរួមទស្សនាពិព័រណ៍ស្នាដៃគំនូរកុមារ នាថ្ងៃទី២៦ខែមេសានេះ បានប្រាប់BTVថា តាមការពិនិត្យមើលស្នាដៃគំនូរកុមារ ដែលតាំងបង្ហាញក្នុងពិព័រណ៍នេះ គឺមានភាពទាក់ទាញម្យ៉ាងម្នាក់ និងស្រស់ស្អាតប្លែកៗពីគ្នា។
កញ្ញា ហេង លីហ័រ ក្រុមការងារស្ម័គ្រចិត្តរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ បានឱ្យដឹងថា នៅថ្ងៃដំបូងក្នុងពិព័រណ៍នេះ គឺមានកាគាំទ្រច្រើនពីសាធារណជន មានទាំងសិស្ស និស្សិត និងប្រជាពលរដ្ឋទូទៅ។លើសពីនេះ កញ្ញាបានបន្តថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីជំរុញដល់កុមារចេះបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ចេះស្រមើស្រមៃ និងបង្កើតភាពស្និតស្នាលរវាងក្រុមគ្រួសារពួកគាត់ជាដើម។
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការBeyond The Games ក្រោមប្រធានបទ«បេះដូងលោតក្នុងចង្វាក់តែមួយ»។ នៅក្នុងព្រឹត្តិការណ៍នេះ មានការតាំងពិព័រណ៍គំនូរកុមារចំនួន២៤០ផ្ទាំង ដែលជ្រើសរើសពីគំនូរកុមារនៅសាលាបឋមសិក្សាទូទាំងប្រទេសកម្ពុជា ប្រមាណ១ម៉ឺនផ្ទាំង។ សាធារណជន អាចបោះឆ្នោតគាំទ្រលើផ្ទាំងគំនូរទាំងឡាយ (អាចលើសពី១) ដោយការស្កេនលើ QR Code ដែលមាននៅលើផ្ទាំងគំនូរ។ គ្រឹះស្ថានសិក្សាអាចរៀបចំទស្សនកិច្ចសិក្សា ហើយសាធារណជនអាចចូលរួមទស្សនា ពិព័រណ៍ស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ BeyondTheGames ដើម្បីបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា ៕ អត្ថបទ៖ទូច សោភ័ណ












