អាមេរិក ៖ គណៈវិនិច្ឆ័យទោសសហព័ន្ធ ត្រូវបានជ្រើសតាំងនៅរដ្ឋ New York សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ដើម្បីស្តាប់ភស្តុតាងពាក់ព័ន្ធនឹងអំណះអំណាងថា លោក Donald Trumpបានចាប់រំលោភសេពសន្ថវៈអ្នកសរសេរបទអត្ថាធិប្បាយ E Jean Carroll កាលពីរយៈពេលជិត ៣០ឆ្នាំមុន ។ សមាជិកគណៈវិនិច្ឆ័យទោស ក៏បានស្តាប់អំណះអំណាងរៀងៗខ្លួនរបស់ភាគីទាំង ២ ។
នាង Carroll បានចោទប្រកាន់ថា លោក Trumpបានឱបរឹបនាងផ្ទប់នឹងជញ្ជាំងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងហាងលក់សម្លៀកបំពាក់នៅទីក្រុង New York ហើយនិងបានបំពានផ្លូវភេទលើរូបនាងកាលពីចុងឆ្នាំ ១៩៩៥ ឬនៅដើមឆ្នាំបន្ទាប់ ពេលដែលពួកគេដើរផ្សារជាមួយគ្នា ។
នាង Carroll ពុំបានធ្វើសេចក្តីអធិប្បាយណាមួយដល់ក្រុមអ្នកសារព័ត៌មាននោះទេ ពេលដែលនាងមកដល់តុលាការកាលពីថ្ងៃអង្គារ ។
មេធាវីរបស់នាងម្នាក់ គឺលោក Shawn Crowley បាននិយាយប្រាប់សមាជិកគណៈវិនិច្ឆ័យទោសថា នាងនឹងផ្តល់ភស្តុតាងនូវអ្វីដែលត្រូវលាតត្រដាងអំឡុងពេលប៉ុន្មាននាទីក្នុងបន្ទប់ផ្លាស់សម្លៀក ដែលធ្វើឲ្យជីវិតរបស់នាងផ្លាស់ប្តូរជារៀងរហូតនោះ ។
លោក Crowley និយាយថា ដោយសារតែការព្រួយបារម្ភ និងក្តីអាម៉ាស់ នាងបានលាក់បាំងការពិតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។ ទោះបីជាបែបហ្នឹងក៏ដោយ ចុងក្រោយការលាក់បាំងការពិត លែងជិតទៀតហើយ ។
លោក Crowley បន្តថា ពេលដែលនាង Carroll ទម្លាយការពិតនៅក្នុងជីវប្រវត្តិឆ្នាំ ២០១៩ លោក Trumpដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រើប្រាស់អំណាចធំបំផុតនៅលើផែនដីរបស់លោក ដើម្បីបំផ្លើសអ្វីដែលគាត់បានធ្វើ ដោយវាយប្រហារលើភាពស្មោះត្រង់របស់នាង និងប្រមាថមើលងាយរាងកាយរបស់នាង ។
ដោយឡែក មេធាវីរបស់លោក Trump គឺលោក Joe Tacopina បានលាបពណ៌រឿងរ៉ាវរបស់នាង Carrollថាជាការប្រមាថចំពោះភាពយុត្តិធម៌ ថាជារឿងមិនគួរឲ្យជឿ និងខ្វះភស្តុតាង ។ លោកបានចោទប្រកាន់ថា នាងបន្តករណីនេះ ដោយសារតែប្រាក់ ឋានៈ និងហេតុផលនយោបាយតែប៉ុណ្ណោះ ៕ ដោយ ៖ សារ៉ាត់
