អាមេរិក ៖ ក្រុមហ៊ុន UPS និយាយថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក កំពុងធ្លាក់ចុះជាបណ្តើរៗ។ ក្រុមហ៊ុនដឹកជញ្ជូនធំបំផុតរបស់អាមេរិក បាននិយាយកាលពីថ្ងៃអង្គារថាប្រាក់ចំណូលបានធ្លាក់ចុះ៦ភាគរយ ក្នុងត្រីមាសទី១ ដោយប្រៀបធៀបទៅកាលពីមួយឆ្នាំមុន ខណៈប្រាក់ចំណេញដែលបានមកពីការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុន បានធ្លាក់ចុះ ២២ភាគរយ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានធ្លាក់ចុះភ្លាមៗពីការព្យាករណ៍របស់ក្រុមហ៊ុនពាណិជ្ជកម្ម Wall Street សម្រាប់អំឡុងពេលនេះ។ សេចក្តីថ្លែងការណ៍ពីប្រាក់ចំណូលរបស់ក្រុមហ៊ុន បាននិយាយថា នៅក្នុងត្រីមាសទី១ ការធ្លាក់ចុះក្នុងការលក់រាយនៅសហរដ្ឋអាមេរិកបណ្តាលឲ្យមានចំនួនទាបជាងដែលយើងបានគិតទុក ហើយយើងប្រឈមការធ្លាក់ចុះតម្រូវការដែលកំពុងបន្តនៅអាស៊ី។ ឲ្យតែស្ថានភាពម៉ាក្រូសេដ្ឋកិច្ចស្ថិតក្នុងទំនោរនាពេលបច្ចុប្បន្ន យើងរំពឹងថា ចំនួននេះ នៅតែបន្តស្ថិតក្រោមសម្ពាធ។
ក្រុមហ៊ុន និយាយថា ខណៈបរិមាណកាលពីខែមករា មានចំនួនប្រហែលនឹងអ្វីដែលក្រុមហ៊ុនបានរំពឹងទុក បរិស្ថានម៉ាក្រូសេដ្ឋកិច្ច បានចុះខ្សោយ បណ្តាលឲ្យបរិមាណធ្លាក់ចុះ៧ភាគរយកាលពីខែមីនា បើប្រៀបធៀបកាលពី១ឆ្នាំកន្លងទៅនេះ។
ក្រុមហ៊ុន UPS បានព្យាករណ៍រួចហើយកាលពីឆ្នាំមុនថា កម្រិតប្រាក់ចំណេញនៅឆ្នាំ២០២៣របស់ខ្លួន នឹងកាន់តែតានតឹង បន្ទាប់ពីក្រុមហ៊ុន បានរាយការណ៍ពីប្រាក់ចំណេញខ្ពស់កាលពីឆ្នាំ២០២២។ បច្ចុប្បន្ន ក្រុមហ៊ុនរំពឹងពីប្រាក់ចំណូលមួយឆ្នាំពេញថានឹងធ្លាក់ចុះ ដោយបញ្ចប់ចក្ខុវិស័យនេះ ដោយសារតែការប្រឈមទៅនឹងស្ថានភាពម៉ាក្រូ និងការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់។ ក្រុមហ៊ុន UPS បានប៉ាន់ប្រមាណថា ក្រុមហ៊ុននឹងឈានដល់៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក ក្នុងការដឹកជញ្ជូនរបស់ខ្លួនជារៀងរាល់ថ្ងៃ។ ផលិតផលក្នុងស្រុកសរុប បង្ហាញពីការវាស់ស្ទង់ច្បាស់លាស់បំផុតនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕ ដោយ ៖ ប៊ុនថាន
