អូស្ត្រាលី ៖ ស្រ្តីជនជាតិអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអូស្រ្តាលី ក្រោយកាំភ្លើងស្រោបមាសទម្ងន់ ២៥ការ៉ាត់ ត្រូវបានរកឃើញនៅក្នុងវ៉ាលីស៍ឥវ៉ាន់របស់នាង ។
កងកម្លាំងព្រំដែនអូស្រ្តាលី(ABF) និយាយថា ស្រ្តីម្នាក់នេះ ដែលគេពុំបានផ្តល់អត្តសញ្ញាណ បានធ្វើដំណើរទៅដល់ទីក្រុងស៊ីដនី ចេញពីទីក្រុងឡូសអាន់ជឺឡេស សហរដ្ឋអាមេរិក ហើយនាងពុំទទួលបានការអនុញ្ញាតឲ្យកាន់កាប់អាវុធនោះទេ ។ នាងអាចនឹងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ។
រូបភាពសន្លឹកបញ្ចេញដោយ ABF ឃើញការស្កេនឥវ៉ាន់របស់ស្រ្តីម្នាក់នេះ នៅព្រលានយន្តហោះ ដោយរកឃើញអាវុធនៅក្នុងកាបូបរបស់ខ្លួន ។ រូបភាពសន្លឹកទី ២ ឃើញកាំភ្លើងខ្លីស្រោបមាស ក្រោយគេបើកកាបូប ។
ក្រុមមន្រ្តី ABF និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បច្ចេកវិទ្យារាវរកដ៏ទំនើប បានជួយបញ្ឈប់អាវុធដ៏គ្រោះថ្នាក់ចូលក្នុងប្រទេសអូស្រ្តាលី ។
លោក Justin Bathurst គឺជាមេបញ្ជាការកងកម្លាំង ABF និយាយថា ជាថ្មីម្តងទៀតហើយដែលពួកយើងមើលឃើញក្រុមមន្រ្តី ABF សម្រេចគោលដៅបានយ៉ាងល្អ ហើយនិងបញ្ឈប់ទំនិញខុសច្បាប់ និងគ្រោះថ្នាក់ខ្លាំងមិនឲ្យឆ្លងកាត់ព្រំដែនអូស្រ្តាលី ។
ក្រុមមន្រ្តីនិយាយថា ស្រ្តីវ័យ ២៨ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ ហើយនាងបានឡើងតុលាការក្នុងស្រុក Downing Centreកាលពីថ្ងៃចន្ទ ជាកន្លែងនាងទទួលបានការដាក់ប្រាក់តម្កល់ឲ្យនៅក្រៅឃុំ ។
នាងអាចនឹងប្រឈមការលុបចោលទិដ្ឋាការរបស់នាងផងដែរ និងត្រូវនាំខ្លួនចេញពីអូស្រ្តាលី ដោយផ្អែកលើបណ្តឹងនៅតុលាការ ៕ ដោយ ៖ សារ៉ាត់

