ជប៉ុន ៖ នៅថ្ងៃពុធ (២៦ មេសា)នេះ អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់របស់ប្រទេសជប៉ុន បានស្វាគមន៍ចំពោះការផ្លាស់ប្តូររបស់កូរ៉េខាងត្បូងដើម្បីស្តារស្ថានភាពពាណិជ្ជកម្ម "បញ្ជីស" ដោយអនុគ្រោះរបស់ប្រទេសជប៉ុនបន្ទាប់ពីបានផ្អាករយៈពេល៣ ឆ្នាំ។
លោក Hirokazu Matsuno រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា "ការរឹតបន្តឹងការនាំចេញរបស់យើងត្រូវបានអនុវត្តយ៉ាងសមស្រប ប៉ុន្តែយើងស្វាគមន៍ភាគីកូរ៉េដែលទទួលស្គាល់រឿងនេះ ហើយពិនិត្យមើលឡើងវិញដោយសមរម្យនូវវិធានការដែលបានអនុវត្តន៍មកទល់ពេលនេះ" ។
ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុនបានរាយការណ៍ថា ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលដែលធ្វើឡើងកាលពីខែមីនារវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ។
ប្រទេសជប៉ុន និងកូរ៉េខាងត្បូងមិនបានរាប់បញ្ចូលគ្នាទៅវិញទៅមកពីការអនុវត្តន៍ពាណិជ្ជកម្មអនុគ្រោះក្នុងឆ្នាំ២០១៩ បន្ទាប់ពីភាពតានតឹងទ្វេភាគីបានកើនឡើងជុំវិញការផ្តល់សំណងដល់ពលករដែលធ្វើការទាំងបង្ខំរបស់ប្រទេសកូរ៉េ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ជប៉ុនមិនទាន់ឆ្លើយតបចំពោះចំណាត់ការរបស់កូរ៉េខាងត្បូងនៅឡើយទេ៕ ដោយ ៖ ស្រី ទាវ

