ចិន ៖ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិនដីគោក និយាយនៅថ្ងៃពុធនេះថា ក្រុមអាជ្ញាធរ នឹងបង្កើនការប្រុងប្រយត្នខ្ពស់ចំពោះសកម្មភាពណាមួយដែលជាការគំរាមកំហែងចំពោះអធិបតេយ្យភាព និងដែនដីចិន បន្ទាប់ពីសេចក្តីរាយការណ៍របស់សារព័ត៌មាននិយាយថា សហភាពអឺរ៉ុបអំពាវនាវឲ្យមានការល្បាតកងទ័ពជើងទឹករបស់ពួកគេ នៅច្រកសមុទ្រតៃវ៉ាន់ ។
ការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក និងកងទ័ពអាកាសចិន នៅច្រកសមុទ្រតៃវ៉ាន់ និងនៅជុំវិញកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ ដែលចិនប្រកាសអះអាងសិទ្ធិថាជារបស់ខ្លួននោះ បានធ្វើឲ្យមានការរិះគន់ខ្លាំងពីអឺរ៉ុប ។
នៅក្នុងអត្ថបទបញ្ចេញទស្សនៈនៅលើទំព័រកាសែតបារាំង Le Journal Du Dimanche កាលពីថ្ងៃអាទិត្យ ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានជំរុញឲ្យកងទ័ពជើងទឹកអឺរ៉ុប ល្បាតទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ។
លោក Zhu Fenglian គឺជាអ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិនដីគោក និយាយអំឡុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំងថា លោកមានជំនឿថា ក្រសួងពាក់ព័ន្ធទាំងអស់របស់ពួកគេ បានត្រៀមខ្លួនយ៉ាងល្អ ៕ ដោយ ៖ សារ៉ាត់

