
វ៉ាស៊ីនតោន៖ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានព្រមានថា ការបរាជ័យរបស់សភា ដែលមិនបានបង្កើតការខ្ចីប្រាក់តាមរយៈការលក់ប័ណ្ណបំណុលរបស់រដ្ឋាភិបាល និងការធ្វើឲ្យខកខានក្នុងការសងបំណុល នឹងបង្កឲ្យមាន "មហន្តរាយសេដ្ឋកិច្ច" ដែលនឹងរុញឱ្យអត្រាការប្រាក់កើនឡើងតែខ្ពស់សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោកស្រី Yellen ដែលត្រៀមថ្លែងសម្រាប់ព្រឹត្តិការណ៍នៅទីក្រុងវ៉ាស៊ីនតោនជាមួយក្រុមនាយកប្រតិបត្តិធុរកិច្ចពីរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថាការខកខានមិនបានសងបំណុលរបស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យប្រជាជនបាត់បង់ការងារ ខណៈពេលដែលការទូទាត់ចំណាយក្នុងគ្រួសារលើកម្ចីទិញផ្ទះ ប្រាក់កម្ចីរថយន្ត និងប័ណ្ណឥណទាន កើនឡើងខ្ពស់ជាងមុន។
លោកស្រីបាននិយាយថា ប្រសិនមិនបង្កើនការខ្ចីប្រាក់តាមរយៈការលក់ប័ណ្ណបំណុលទេ អាជីវកម្មនានារបស់សហរដ្ឋអាមេរិកនឹងប្រឈមនឹងធ្វើឲ្យទីផ្សារឥណទានធ្លាក់ចុះដុនដាប ហើយរដ្ឋាភិបាលទំនងជាមិនអាចចំណាយលើការទូទាត់ដល់គ្រួសារយោធា និងមនុស្សចាស់ដែលពឹងផ្អែកលើរបបសន្តិសុខសង្គមនោះទេ។
ទីផ្សារហិរញ្ញវត្ថុកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីភាពជាប់គាំង ដោយរុញការចំណាយលើបំណុលរបស់សហរដ្ឋអាមេរិកកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ ហើយក្រុមអ្នកវិភាគហិរញ្ញវត្ថុ បានព្រមានពីហានិភ័យកើនឡើងខ្ពស់ក្នុងការខកខានសងបំណុលនេះ។

