
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានជំរុញឲ្យកងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ខណៈនៅសល់តែ ៩ថ្ងៃទៀតនោះ។
ក្នុងកិច្ចប្រជុំជាមួយនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ នៅនាយកដ្ឋាននគរបាលអង្គរក្ស នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា ការធានាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពត្រូវធ្វើឲ្យបានជាដាច់ខាតខណៈព្រឹត្តិការណ៍នេះ គឺដើម្បីលើកស្ទូយកិត្តិយស និងកិត្យានុភាពជាតិកម្ពុជាទាំងមូលនោះ។
ថ្លែងក្រោយពីកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងកិច្ចប្រជុំខាងលើនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញឲ្យគ្រប់កងកម្លាំងឯកភាពទាំងអស់ខិតខំទាំងអស់គ្នា ដើម្បីសម្រេចភារកិច្ចដ៏មោទនភាពជាតិយើងនេះ ហើយនាយឧត្តមសេនីយ៍សង្ឃឹមថា គណៈបញ្ជាការប្រចាំការដើម្បីចាត់ការគ្រប់រឿងហេតុ គ្រប់ពេលវេលាទាំងអស់ក្នុងព្រឹត្តិការណ៍នេះផងដែរ។
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋានរូបនេះ បានឲ្យដឹងផងដែរថាក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានពិនិត្យឡើងវិញនូវបញ្ហាប្រឈមដែលកើតឡើង និងដាក់ចេញវិធានការដោះស្រាយ ក្នុងនោះគ្រប់កងកម្លាំងទាំងអស់ដែលពាក់ព័ន្ធកិច្ចការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ត្រូវអាទិភាពដើម្បីការពារ រួមទាំងតម្រាយផ្លូវ កន្លែងស្នាក់នៅ ទីកន្លែងប្រកួត និងត្រៀមលក្ខណៈសម្បត្តិដើម្បីបង្ការហេតុការណ៍ដែលកើតឡើងដោយចៃដន្យផងដែរ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បន្ដទៀតថា កិច្ចប្រជុំក៏បានពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមកម្លាំងអន្ដរាគមន៍ ការដាក់បន្ថែមកម្លាំងនូវគោលដៅដែលបារម្ភខណៈ អង្គប្រជុំក៏បានឯកភាពគ្នា ចំពោះគោលការណ៍ទាំងអស់ដោយត្រូវពង្រឹងឲ្យបានជាដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ពិសេសរាជធានីភ្នំពេញ ត្រូវទប់ស្កាត់អំពើល្មើសផ្សេងៗ រួមទាំងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ចរាចរណ៍ ជៀសវាងការកកស្ទះ ធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋជាដើមនោះ។
ដោយឡែក សម្រាប់ទីតាំងប្រកួតត្រូវតែធានាឲ្យបាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាពបំផុត ព្រោះតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យចូលទស្សនាដោយសេរី ដូច្នេះចំនួនអ្នកចូលទស្សនាអាចមានចំនួនច្រើន ដែលត្រូវម្ចាស់គ្រប់គ្រងស្ថានការណ៍ទាំងអស់នោះ។
បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានលើកឡើងផងដែរថា នៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ សៅ សុខា បានឯកភាពទាំងស្រុងចំពោះផែនការដែលបានលើកឡើងដោយ នាយឧត្តមសេនីយ៍ នេត សាវឿន ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៩ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយនោះ។ SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈ ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕ អត្ថបទ៖ បាន ចក់









