បាល់ទាត់៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំតាម Online ដោយមានការចូលរួមពីតំណាងក្លិប សមាជិកក្របខណ្ឌលីគកំពូលកម្ពុជាទាំង ១៣ ដើម្បីពិភាក្សាពីការប្រកួតឡើងវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទបញ្ចប់ ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ។
កិច្ចប្រជុំនេះដឹកនាំដោយលោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC ក្នុងគោលបំណងពិភាក្សាពីការរៀបចំការប្រកួតឡើងវិញ ក៏ដូចជាការរៀបចំនូវកាលវិភាគប្រកួតថ្មី ជាមួយបណ្ដាក្លិបសមាជិកទាំងអស់ បន្ទាប់ពីការប្រកួតត្រូវបានលើកពេលជាច្រើនដង ពិសេសអំឡុងពេលរីករាកដាលខ្លាំងនៃជំងឺកូវីដ-១៩ រហូតឈានដល់ការបិទខ្ទប់ភូមិសាស្ដ្រមួយចំនួន ដែល CNCC បានសម្រេចផ្អាកការប្រកួតបណ្ដោះអាសន្ន តាំងពីថ្ងៃទី១៥ ខែមេសាមកទល់បច្ចុប្បន្ន ។ យ៉ាងណាមិញក្រោយបញ្ចប់កិច្ចប្រជុំតាម Zoom នេះ CNCC នៅមិនទាន់ប្រកាសពីកាលបរិច្ឆេទ ដើម្បីបន្ដការប្រកួតឡើងវិញនោះទេ តែប្រភពពីតំណាងក្លិបដែលបានចូលរួមកិច្ចប្រជុំនេះបានបញ្ជាក់ថា ការប្រកួតអាចនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ តែត្រង់កម្មវិធីប្រកួតនឹងមានភាពមមាញឹកខ្លាំងជាងមុន ឬយ៉ាងណានោះ លោកមិនបានលម្អិតនោះទេ។ អ្វីដែលសំខាន់គឺការប្រកួតគ្រោងចាប់ផ្ដើមឡើងវិញ ជាលក្ខណៈបិទទ្វារ និងគោរពតាមវិធានការក្រសួងសុខាភិបាល មិនទាន់អនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាឡើយ។
សូមរំលឺកថា មុនផ្អាកការប្រកួតបណ្ដោះអាសន្នដោយសារវិបត្តិកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ លីគកំពូលកម្ពុជាបានដំណើរការប្រកួតបាន ៥សប្ដាហ៍ តែក្នុងនោះក្រុមខ្លះប្រកួតទើបបានម្ដង ក្រុមខ្លះបាន ២ប្រកួត ក្រុមខ្លះបាន ៣ប្រកួត និងច្រើនបំផុតប្រកួតបាន ៤ប្រកួត ព្រោះការលើកពេលជាបន្ដបន្ទាប់។ ចំពោះលទ្ធផលបណ្ដោះអាសន្ន ក្រុមអង្គរថាយហ្គឺរកំពុងឈរកំពូលតារាង និងមាន ១០ពិន្ទុបន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ ៣ និងស្មើ ១ តាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនដែលមាន ៩ពិន្ទុស្មើគ្នាក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះទាំង ៣ប្រកួតដូចគ្នា៕
អត្ថបទ លី ឈុនឡា