ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី (Takahashi fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្តម តាកាហាស៊ី បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់សមាគមជប៉ុន-កម្ពុជា ដែលក្នុងនោះទី១-កំពុងរៀបចំវេទិកាព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុងស្វែងរកការវិនិយោគនៅក្រៅប្រទេស។ ទី២-កំពុងជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យកែសម្ផស្ស, វិស័យជួសជុលយានយន្ត និងវិស័យបដិសណ្ឋារកិច្ចជាដើម។ ទី៣-កំពុងរៀបចំខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលក្នុងនោះនឹងមានការអុចកាំជ្រួចអបអរសាទរផងដែរនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ទី៤-ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់ដាក់លក់លើកទីផ្សារ។ ទី៥-គោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ី ដែលបានធ្វើរបាយការណ៍ជូនសម្ដេច ហើយបានលើកទឹកចិត្តឱ្យបន្តការខិតខំចលនាអ្នកវិនិយោគមកកម្ពុជា ដែលជាអាទិភាពរបស់កម្ពុជា ហើយនៅពេលនេះកម្ពុជាក៏មានច្បាប់វិនិយោគថ្មីដែរ ដែលច្បាប់វិនិយោ គនោះ នឹងផ្ដល់នូវភាពអនុគ្រោះច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា។ សម្ដេចតេជោ ក៏បានស្នើសុំឱ្យឯកឧត្តម តាកាហាស៊ី បន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស ហើយក៏បានបញ្ជាក់ទៅឯកឧត្តមផងដែរថា កម្ពុជានៅពេលនេះកំពុងមានគម្រោងបណ្ដុះបណ្ដាលជនក្រីក្រប្រមាណ១លាន ៥សែននាក់ ដើម្បីឲ្យពួកគាត់ងាយរកការងារធ្វើ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានស្នើសុំឱ្យឯកឧត្តម តាកាហាស៊ី ជំរុញការនាំផលិតផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន។ សម្ដេចបានមានប្រសាសន៍ថា ផលិតផលរបស់កម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមីច្រើននោះទេ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ី ដែលបានអបអរសាទរចំពោះការដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្ដេចតេជោមាន ប្រសាសន៍ថា នៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ គឺស្ថានភា ពមានការពិបាកច្រើន ទាំងនៅក្នុងតំបន់ និងទាំងក្នុងពិភពលោក ព្រោះថា នៅពេលនោះ គឺមានបញ្ហាពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា, ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាតៃវ៉ាន់, បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាការប្រឈមមុខខាងផ្នែកភូមិសាស្ត្រនយោបាយផងដែរ។ ប៉ុន្តែទោះជាយ៉ា ងណាក៏ដោយ កម្ពុជាបានដឹកនាំកិច្ចប្រជុំដោយរក្សាបាននៅមជ្ឈភាពអាស៊ាន, សាមគ្គីភាពអាស៊ាន និ ងរក្សាបាននូវឥទ្ធិពលអាស៊ាន ក៏ដូចជាបានចេញសេចក្ដីថ្លែងការណ៍ និងឯកសារទាំងអស់ ដោយគ្មានការប្រឈមមុខដាក់គ្នានោះឡើយ៕ ដោយ៖ គង់ ឌិន
