កំពង់ស្ពឺ ៖ ក្រុមហ៊ុន យ៉ូរ៉ា ហាណេស ខេមបូឌា ដែលជារោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត ដើម្បីផលិតនាំចេញទៅកាន់ប្រទេសកូរ៉េ បានសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នៅក្នុងពិធីសម្ពោធនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមហ៊ុនមួយនេះបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ចំនួនប្រមាណ ១៥លានដុល្លារអាម៉េរិក ក្នុងការសាងសង់រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិក ដើម្បីផលិតខ្សែភ្លើង ដែលនឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុរថយន្ដ Hyundai motor និង Kia motors ដែលនឹងជួយរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ពាណិជ្ជកម្ម រវាងប្រទេសកូរ៉េ និងកម្ពុជា។ ឯកឧត្តមបានបន្តថា នេះគឺជាមោទនភាពយ៉ាងក្រៃលែងសម្រាប់ប្រជាជនក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្រោមម្លប់សន្តិភាព ដែលមានថ្នាក់ដឹកនាំប្រទេសដ៏ល្អនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរោងចក្ររបស់កូរ៉េ លេចជារូបរាងឡើងនៅទឹកដីខេត្តកំពង់ស្ពឺ ដែលនេះពិតជាបានចូលរួមបង្កើតឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍ ដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែសង្វាក់ផលិតកម្មអស្ចារ្យមួយនេះ។
នៅក្រោយពិធីសម្ពោធ លោក អុំ ឌែលយ៉ូល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យ៉ូរ៉ា ហាណេស ខេមបូឌា បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះ រោងចក្របើកដំណើរការបានយ៉ាងពេញលេញត្រឹមតែរយៈពេល ៥ខែ បន្ទាប់ពីជ្រើសរើសទីតាំងរួច។ លោកបន្ថែមថា ដោយសារការខិតខំប្រឹងប្រែងដ៏ស្វិតស្វាញរបស់បុគ្គលិក និងការគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទីតាំងដ៏ល្អនៃខេត្តកំពង់ស្ពឺ លោកជឿជាក់ថា រោងចក្រ យូរ៉ា នឹងក្លាយជាផលិតកម្មដ៏ល្អបំផុតរបស់ពិភពលោក លើគ្រឿងបន្លាស់រថយន្ដ។
សូមបញ្ជាក់ថា រោងចក្រ យ៉ូរ៉ា ហាណេស ខេមបូឌា ត្រូវបានសាងសង់ឡើងមានផ្ទៃក្រឡាសរុប ១៧,៥០០ម៉ែត្រការ៉េ និងមានបុគ្គលិកចំនួន ១,១០០ នាក់ ដើម្បីផលិតខ្សែភ្លើងចំនួន ១១,៥០០០ ក្នុងមួយឆ្នាំ។ ខ្សែភ្លើងទាំងអស់ដែលផលិតនៅទីនេះនឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុនរថយន្ដ Hyundai motor និង Kia motors។ ខ្សែភ្លើងគឺជាប្រព័ន្ធខ្សែដែលបញ្ជូននិងទទួលថាមពលអគ្គីសនី និងសញ្ញាអគ្គិសនីដល់ផ្នែក នីមួយៗនៃរថយន្ដ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនិងគុណភាពរបស់រថយន្ដ។ លើសពីនេះ វាក៏ជាផលិតផលដ៏ស្មុគស្មាញដែលទាមទារការកែច្នៃ ,ការផ្គុំវត្ថុធាតុដើមរាប់ពាន់មុខ និងកម្លាំងពលកម្មជំនាញ៕ ដោយ ៖ បូរ៉ាវី












