ស៊ីហ្គេម៖ គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ កម្ពុជានៅសល់រយៈពេល ២ឆ្នាំគត់ ឬស្មើនឹង ៧៣០ថ្ងៃគត់នៃដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ពោលគឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះនឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោនៃរាជធានីភ្នំពេញ។
ជាមួយខួប ២ឆ្នាំនៃការរាប់ថយក្រោយឆ្ពោះទៅស៊ីហ្គេមនៅកម្ពុជានេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងអស់ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងជំរុញ និងយកចិត្តទុកដាក់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។ ទន្ទឹមជាមួយគ្នា ឯកឧត្តមបានយកពេលវេលានេះ គឺជាការក្រើករំឭកដល់សហព័ន្ធកីឡាជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសកីឡាករ-កីឡាការិនីក្នុងការត្រៀមខ្លួនឲ្យបានល្អ ដោយឈរលើស្មារតីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ពិសេសប្រែក្លាយវិបត្តិកូវីដ-១៩ ឲ្យក្លាយទៅជាឱកាស និងជាអាវុធដ៏មុតស្រួចសម្រាប់ត្រៀមស្វាគមន៍ធ្វើជាម្ចាស់ផ្ទះ ប្រកបដោយភាពជោគជ័យជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ។
គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គ្រោងប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនកម្ពុជាបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ហើយកម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីស្វាគមន៍ព្រឹត្តិការណ៍ធំៗទាំងពីរ ពិសេសហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាបានសាងសង់ នូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងដ៏សំខាន់ដើម្បីប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍ទាំងពីរនេះ៕
អត្ថបទ៖ លី ឈុនឡា