ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ ក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA)

2023/04/27 04:12:32 pm        280

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាស​បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) ។ ពិធីនេះប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា និស្សិតខ្មែរ(ខ្មែរ-អ៊ីស្លាម)កំពុងសិក្សាទៅប្រទេសស៊ូដង់ ជាទីកំពុងមានសង្គ្រាមយ៉ាងខ្លាំងក្លាត្រូវបានជម្លៀសមកកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតហើយ និងបន្តមកកាន់ប្រទេសម៉ាឡេស៊ី ជាទីដែលមានសុវត្ថិភាព។

សម្តេចតេជោ បានប្រកាសថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានបញ្ជូននាវាទៅជម្លៀសប្រជាជនរបស់ខ្លួនចេញពីតំបន់សង្គ្រាមក្នុងប្រទេសស៊ូដង់ ក្នុងនោះក៏មាននិស្សិតខ្មែរផងដែរ ព្រមទាំងបានអំពាវនាវដល់ក្រុមគ្រួសារនិស្សិតខ្មែរ-អ៊ីស្លាម កុំព្រួយបារម្ភពីសុវត្ថិភាពពួកគេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យមានការការគិតគូរឡើងវិញពាក់ព័ន្ធអនុក្រឹត្យចាស់ ដែលត្រូវនិរាសករណ៍ និងជំនួសដោយអនុក្រឹត្យថ្មី ដើម្បីធានានិរន្តរភាពសត្វផ្សោត ដែលបច្ចុប្បន្នកំពុងរងគ្រោះ និងគំរាមកំហែង។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណ និងថ្លែងការកោតសរសើរដល់សាលាភូមិន្ទរដ្ឋបាល ដែលបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលមន្ត្រីបានយ៉ាងល្អប្រសើរ ហើយសម្តេចក៏សូមលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនេះ ដោយត្រូវបើកវគ្គផ្សេងៗទៀត ដើម្បីតម្រង់ទិសមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា បានទទួលផលរួចទៅហើយ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន គឺបានទទួលផលពីការផ្ទេរអំណាចពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន។

សម្ដេចតេជោ បានប្រកាសថា ប្រសិនគ្មានការផ្ទេរអំណាចទៅដល់ថ្នាក់មូលដ្ឋានទេ រាជរដ្ឋាភិបាលមានការលំបាកណាស់ក្នុងការគ្រប់គ្រងកូវីដ-១៩នៅថ្នាក់មូលដ្ឋាន និងដំណោះស្រាយផ្សេងៗនៅមូលដ្ឋាន។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកឡើងវិញថា បើសិនជាកម្ពុជា រក្សានូវការកែទម្រង់រចនាសម្ព័ន្ធ និងរដ្ឋបាល នៃការដឹកនាំជាតិ ដូចកាលពីឆ្នាំ១៩៩៣ ដែលបានផ្ទេរអំណាចទៅដល់ថ្នាក់ក្រោមជាតិ ថ្នាក់ខេត្តជាចំបងនោះ មកដល់ពេលនេះ ការកែទម្រង់រដ្ឋបាលរបស់កម្ពុជាអាចដើរលឿនជាងមុន៥ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ដើម្បីភាពល្អប្រសើរ នៃការបំពេញការងារបម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មន្ត្រីត្រូវចេះកែទម្រង់ខ្លួនឯង ...[]សម័យ Digital បើមនុស្សមិនDigitalក៏មិនអាចទៅរួចដែរ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើចង់កែទម្រង់ស្ថាប័ន គឺត្រូវកែទម្រង់មនុស្សជាមុនសិន ព្រោះមនុស្សជាអ្នកដឹកនាំស្ថាប័ន។ សម្តេចបន្តជំរុញឱ្យក្រសួងស្ថាប័នបន្តពង្រឹងសមត្ថភាពធនធានមនុស្សថែមទៀត ដើម្បីបំពេញតម្រូវការមន្រ្ដីរាជការ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មុនតែងតាំង និងដំឡើងឋានៈតួនាទីមន្ត្រី ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមុនសិន ឬជំពាក់វគ្គបណ្តុះបណ្តាល ព្រោះធ្វើយ៉ាងនេះ កម្រិតចំណេះដឹងរបស់មន្ត្រីយើងក៏មានភាពល្អប្រសើរផងដែរ។

សម្តេចតេជោ បានប្រកាសណែនាំដល់សាលាភូមិន្ទរដ្ឋបាល ក៏ត្រូវតែកែទម្រង់ខ្លួនឯងផងដែរ ជាពិសេសលើមុខវិជ្ជាភាពជាអ្នកដឹកនាំ ដោយសាលាមិនអាចនៅបង្រៀនតែមុខវិជ្ជាចាស់ៗ ដដែលៗនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគោលបំណងឡើងវិញ ក្នុងការមកបើកវគ្គបណ្តុះបណ្តាល និងផ្តល់ទស្សនទានដល់សិស្ស ,និស្សិតសាលាភូមិន្ទរដ្ឋបាល ខណៈដែលសម្តេចនៅមានឈ្មោះជាសាស្ត្រាចារ្យកិត្តិយស នៃសាលាភូមិរដ្ឋបាលនៅឡើយទេ។

សម្តេចតេជោ បញ្ជាក់ថា ក្នុងអំឡុងពេលបង្រៀនដល់សិស្ស,និស្សិតសាលាភូមិន្ទរដ្ឋបាល សម្តេចនឹងផ្ដោតសំខាន់លើការសួរសំណួរ ដោយការសួរសំណួរនោះក៏មានលក្ខខណ្ឌផងដែរ នៃបទពិសោធផ្ទាល់របស់សម្ដេចដល់មន្រ្ដីរាជការ។

សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនដល់មន្រ្ដី ត្រូវរម្លឹកខ្លួនឯងជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ កុំបានធ្វើមន្រ្ដីហើយប្រើអំណាចទាំងទទឹងទិស។

សម្តេចតេជោ បញ្ជាក់ថា «យើងជាអ្នកបម្រើប្រជាជនមិនមែនចៅហ្វាយប្រជាជនទេ បើចាំមិនបានទេ មន្រ្ដីនោះគឺងាយនឹងបាត់បង់តំណែង ហើយបើបាត់បង់តំណែងហើយ គឺពិបាកនឹងត្រលប់ក្រោយណាស់»។ សម្តេចជំរុញឱ្យមានការពង្រឹងក្រមសីលធម៌ សុជីវធម៌ សីលធម៌ ដល់មន្រ្ដីបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តក្នុងការជ្រើសរើសមន្រ្ដីរាជការ សម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន គឺជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋាននោះតែម្តង ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបម្រើការងារ និងការជួបជុំគ្រួសាររបស់មន្រ្ដីផងដែរ។

សម្តេចតេជោ បានប្រកាសថា សម្ដេចនឹងមិនចុះហត្ថលេខាចំពោះការផ្ទេរមន្រ្ដីពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិនោះទេ លើកលែងតែករណីចាំបាច់ និងតម្រូវការជាក់ស្តែងប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកឱ្យមន្ត្រីប្រុងប្រយ័ត្នក្នុងការបំពេញតួនាទីរបស់ខ្លួន ជៀសវាងការដកចេញពីតំណែង ក្នុងកំហុសឆ្គងដែលមិនអាចអត់ឱនលើកលែងបាន។

សម្តេចតេជោ បញ្ជាក់ថា មានមន្ត្រីខ្លះ កុហកនាយករដ្ឋមន្ត្រីថា ខ្លួនឯងកំពុងនៅកន្លែងការងារ ខណៈដែលពួកគេទាំងនោះកំពុងនៅក្នុងKTV ហើយពេលខ្លះបើកសារសំឡេងសម្តេចឱ្យស្រីស្នេហ៍ស្តាប់បង្អួតគេថែមទៀត។

សម្តេចតេជោ ហ៊ុន សែន រម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់មួយពោលថា ប្រពន្ធសក្តិ៣ ប្ដីសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥ ដែលបង្កបញ្ហាលើការបម្រើការងាររបស់មន្រ្ដីរាជការ ដោយប្រពន្ធ ឬកូន បានយកអំណាចប្ដី ឬឪពុកទៅប្រើប្រាស់ ទៅធ្វើអាជីវកម្ម ដែលអាចឈានទៅបង្កើតជាបញ្ហាសម្រាប់ខ្លួនឯងនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើចង់ឱ្យប្ដីល្អ ចង់ឱ្យឪពុកល្អ អាចឡើងសក្តិឡើងយស គឺប្រពន្ធ និងកូនត្រូវធ្វើអំឡើល្អ ដើម្បីជាគំរូដល់អ្នកដទៃ និងជាទីគោរពស្រលាញ់របស់មន្ត្រីរាជការក្រោមឱវាទ។

សម្តេចតេជោ ហ៊ុន សែន៖ មន្រ្តីគណបក្សប្រជាជនកម្ពុជា ពុំដែលអួតអាងថាខ្លួនជាអ្នកស្នេហាជាតិនោះទេ ប៉ុន្តែពួកគេបានក្លាយខ្លួនជាអ្នកការពារជាតិ ការពារសុខសន្តិភាព ហើយធ្វើការខាំស្មៅរស់នៅជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ដែលកត្តានេះគឺខុសពីគណបក្សខ្លះអួតអាងថាខ្លួនស្នេហាជាតិតែមិនដែលនៅស្រុក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកស្នេហាជាតិពិតពិតប្រាកដ គេមិនដែលអួតអាងនោះទេ គឺគេធ្វើទង្វើជាក់ស្តែង។

សម្តេចតេជោបញ្ជាក់ថា មន្រ្ដីរគណបក្សប្រជាជនមិនដែលអួតខ្លួនជាជាអ្នកស្នេហាជាតិទេ ប៉ុន្ដែចុងក្រោយគឺនាំគ្នាធ្វើការដើម្បីជាតិ និងប្រជាជន។ ផ្ទុយទៅវិញក្រុមប្រឆាំងមួយចំនួនទេ ដែលតែងអួតខ្លួនថា ប្រជាធិបតេយ្យ តែតែងធ្វើសកម្មភាពដើម្បីបំផ្លាញជាតិ បំផ្លាញសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពីមុនមានតែស្ត្រីទេ ដែលដាក់គូទអង្គុយប៉ុកនិយាយដើម មន្ត្រីជាបុរសក៏មានដែរ។ សម្តេចបន្តថា «មានមន្ត្រីខ្លះមករាយការណ៍ជូនសម្តេចចប់ ចាប់ផ្តើមនិយាយដើមគេ(និយាយពីអ្នកនេះ, និយាយពីអ្នកនោះ) ដែលមន្ត្រីប្រភេទនេះ សម្តេចក៏បានកត់សម្គាល់ផងដែរ»។

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមន្រ្ដីខិតខំទទួលយកនូវព័ត៌មានដែលពិតដែលមន្រ្ដីផ្ដល់ព័ត៌មានដល់ខ្លួន និងជៀសឱ្យឆ្ងាយពីមន្រ្ដីដែលផ្ដល់ព័ត៌មានមិនពិត។ សម្ដេចបញ្ជាក់ថា «ធ្វើជាអ្នកដឹកនាំកុំឱ្យគេបោកប្រាស់បាននូវព័ត៌មាននានា»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយប្រាកដនិយមថា បើនរណានិយាយអាក្រក់ពីអ្នកដទៃប្រាប់សម្តេច, ពេលចេញទៅវិញ អ្នកនោះក៏និយាយដើមសម្តេចប្រាប់គេវិញម្តង...[]«អ្នកនិយាយដើមគេជាមនុស្សអាក្រក់»។សម្តេចតេជោ បានបញ្ជាក់ថា សម្ដេចគឺជាសត្រូវរបស់ពួកបំផ្លាញជាតិ ដូច្នេះទើបពួកអាក្រក់ដែលធ្វើអំពើអាក្រក់ មានគំនិតបំផ្លាញជាតិ តែងតែរិះគន់សម្ដេចថាមិនល្អមិនឈប់ឈរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ សូមបំពេញកិច្ចការរបស់ខ្លួន​តាមច្បាប់ ដោយមិនរង់ចាំតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីនោះឡើយ។

សម្តេចតេជោ បញ្ជាក់ថា នាពេលខាងមុខនេះ កម្ពុជានៅមានការកែទម្រង់ជាច្រើនថែមទៀត ដូច្នេះមន្រ្ដីទាំងអស់ ត្រូវតាមឱ្យទាន់សភាពការណ៍ ហើយការសម្រេចចិត្តនានា គឺត្រូវឈរលើការសម្រេចចិត្តរួមគ្នា និងគិតផលប្រយោជន៍ប្រជាជនជាចំបង។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេអ្នកគាំទ្រកីឡា សូមបងប្អូនរក្សាភាពថ្លៃថ្នូរ និងកិត្តិយសជាតិ តាមរយៈការប្រកួតកីឡានីមួយៗ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេម។

សម្តេចតេជោ បញ្ជាក់ជាថ្មីដល់អាជ្ញាធររាជធានី-ខេត្តរៀបចំការផ្សាយបន្តតាមស្លាយ(LED)សម្រាប់បញ្ចាំងពីការបើក បិទ និងការប្រកួតស៊ីហ្គេម ដើម្បីឱ្យបងប្អូនបានទស្សនាពីខាងក្រៅបានទស្សនា ដោយសារកន្លែងប្រកួតមានកំណត់។

សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យបងប្អូនដែលស្នេហាវិស័យកីឡាមេត្តាយោគយល់ និងរក្សាភាពថ្លៃថ្នូរតាមរយៈការប្រកួតនីមួយៗ។ សម្តេចតេជោ បានស្នើចិត្តបងប្អូន មេត្តាយោគយល់ សូមរក្សាសណ្តាប់ធ្នាប់ សូមបងប្អូនរក្សាភាពថ្លៃថ្នូរ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមកុំសម្រុកចូលទៅកន្លែងប្រកួតដោយគ្មានសំបុត្រចូលទស្សនា ហើយមិនអនុញ្ញាតឱ្យមានការផ្លោះរបងចូលទៅប្រជ្រៀតនៅទីកន្លែងនោះដែរ។ សម្តេចបញ្ជាក់ថា «កុំឱ្យការចំណាយថវិការាប់លានក្លាយជាអសារបង់ថែមទាំងខូចឈ្មោះទៀតផង តាមរយៈឥរិយាបថរបស់ម្ចាស់ផ្ទះ»។

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមន្រ្ដីនៅតាមបណ្ដាខេត្ត យកចិត្តទុកដាក់ដោះស្រាយវិវាទរបស់ប្រជាពលរដ្ឋដែលកើតមានឡើងតាមរយៈការដោះស្រាវវិវាទក្រៅប្រព័ន្ធតុលាការ ដោយការសម្របសម្រួល ហើយដើម្បីធានាបានលើបញ្ហានេះមន្រ្ដីគឺ ត្រូវឈរនៅលើចំណុចកណ្ដាលជាពិសេសសម្ដេចណែនាំដល់ មន្រ្ដីត្រូវប្រយ័ត្នចំពោះការចុះហត្ថលេខាលើដីកម្របព្រៃឈើ និងដីអភិរក្ស៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm