ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា និស្សិតខ្មែរ-អ៊ីស្លាម ដែលបានសិក្សានៅប្រទេសស៊ូដង់ជាទីដែលកំពុងមានសង្រ្គាមយ៉ាងខ្លាំងនោះ បានធ្វើការជម្លៀសខ្លួនមកដល់ប្រទេស អារ៉ាប៊ីសាអូឌីតដោយសុវត្ថិភាពហើយ បន្ទាប់ពីមានការជួយអន្តរាគមន៍ពីរដ្ឋាភិបាលម៉ាឡេស៊ី។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា សូមឱពុកម្តាយ និងក្រុមគ្រួសាររបស់និស្សិតដែលកំពុងសិក្សានៅប្រទេសស៊ូដង់នោះសូមកុំភ័យ និងព្រួយបារម្ភដល់កូនៗបន្តទៀតអី ខណៈពេលនេះពួកគាត់បានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីតហើយ ហើយពួកគាត់នឹងបន្តមកប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះផងដែរ។
ជាមួយនឹងការមកដល់ទីសុវត្ថិភាពរបស់បងប្អូនជានិស្សិតខ្មែរ-អ៊ីស្លាមទាំងនោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានប្រកាសថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី ដែលបានបញ្ជូននាវាទៅជម្លៀសប្រជាជនរបស់ខ្លួនចេញពីតំបន់សង្គ្រាមក្នុងប្រទេសស៊ូដង់ ហើយក៏បានជួយដល់និស្សិតខ្មែរផងដែរនោះ៕ អត្ថបទ៖ បាន ចក់

