រុស្ស៊ី៖ អង្គភាពតំបន់របស់ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លំនៅឋានជាង១៣០ខ្នង ត្រូវបានបំផ្លិចបំផ្លាញដោយអគ្គិភ័យនៅក្នុងតំបន់ ស្វើដឡូវស៍ (Sverdlovsk)របស់ប្រទេសរុស្ស៊ី។
សេចក្ដីថ្លែងការណ៍នេះបាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យបានខ្នះខ្នែងជួយសង្រ្គោះលំនៅឋានជាង១.២០០ខ្នងនៅក្នុងភូមិម Tayozhny និងតំបន់លំនៅឋាន Sosva។ ទោះយ៉ាងណា អគ្គិភ័យបានបំផ្លាញអគារប្រមាណ១៧៨ រួមទាំងលំនៅឋាន១៣៤ខ្នង។

យោងតាមក្រុមអាជ្ញាធរប្រចាំតំបន់ ឧបករណ៍ប្រើប្រាស់ទាំងអស់ សេវាផ្គត់ផ្គង់ថាមពល និងឧស្ម័ន ត្រូវបានដាក់ឲ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ដោយសារអគ្គិភ័យនេះ។
អ្នកនាំពាក្យក្រសួងសង្រ្គោះបន្ទាន់បានប្រាប់សារព័ត៌មាន TASS របស់រុស្ស៊ីមុននេះ ថា អគ្គិភ័យនេះ បានបំផ្លិចបំផ្លាញផ្ទៃដីទំហំ៩ពាន់ម៉ែត្រក្រឡា នៅក្នុងតំបន់លំនៅឋាន Sosva និង ២.៧០០ម៉ែត្រក្រឡានៅក្នុងភូមិ Tayozhny ។ អគ្គិភ័យនេះ ក៏បានសម្លាប់មនុស្សម្នាក់ផងដែរនៅក្នុងតំបន់លំនៅឋានSosva៕
