
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបញ្ជាក់ណែនាំថា មន្ត្រីទាំងឡាយ ត្រូវធ្វើកិច្ចការងាររបស់ខ្លួនទៅតាមច្បាប់ កុំចាំតែបទបញ្ជា។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានផ្តាំផ្ញើជាថ្មីបែបនេះ ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៧មេសានេះ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា មន្ត្រីទាំងឡាយត្រូវធ្វើតាមច្បាប់កុំចាំតែបទបញ្ជា។
សូមបញ្ជាក់ថា ការដែលសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល នៅតែដាស់តឿនទៅកាន់មន្ត្រីបែបនេះ ដោយសារកន្លងមកគេតែងតែមើលឃើញ និងរិះគន់ទៅលើមន្ត្រីមួយចំនួនពេលមានកិច្ចការងារជាបន្ទាន់ណាមួយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបានដឹងបានឮហើយ ប៉ុន្តែនៅតែស្ពឹកស្រពន់មិនបានចាត់ចែងដោះស្រាយភ្លាមៗ បំរើផលប្រយោជន៍ជូនប្រជាជនឱ្យបានទាន់ពេលវេលានោះទេ ជាពិសេសតែងតែយកហេតុផលរង់ចាំបទបញ្ជាពីនាយករដ្ឋមន្ត្រី។
ក្នុងបញ្ហាដែលនៅតែបន្តកើតមានបែបនេះហើយ ទើបសម្តេចតេជោ នៅតែរំលឹកឱ្យមន្ត្រីអនុវត្តការងារភ្លាមៗទៅតាមច្បាប់កុំចាំតែបទបញ្ជា៕