ភ្នំពេញ៖ ការប្ដេជ្ញាចិត្តរបស់ប្រទេសចិនជុំវិញជំហរនៅខាងសន្តិភាពពាក់ព័ន្ធវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបញ្ជាក់ជាថ្មី។ អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធបាននិយាយថា ការសន្ទនា និងការចរចា គឺជាច្រកចេញតែមួយគត់សម្រាប់វិបត្តិអ៊ុយក្រែន ហើយថាគ្មានអ្នកឈ្នះក្នុងសង្រ្គាមនុយក្លេអ៊ែរទេ។
លោក Xi បាននិយាយថា ប្រទេសចិន នឹងបញ្ជូនតំណាងពិសេសមួយរូបរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ុបអាស៊ី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងប្រទេសផ្សេងទៀត ដើម្បីបង្កើតទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយភាគីទាំងអស់ស្តីពីដំណោះស្រាយខាងនយោបាយនៃវិបត្តិនេះ។

អំឡុងជំនួបតាមទូរស័ព្ទនោះដែរ ប្រធានាធិបតីចិន បានបញ្ជាក់ថា ចំពោះវិបត្តិអ៊ុយក្រែន ជំហរស្នូលរបស់ចិន មានតែការសម្របសម្រួលឲ្យមានការចរចាសន្តិភាព ប៉ុណ្ណោះ ។
លោកថា ប្រទេសចិន មិនដែលបង្កើតវិបត្តិឡើយ ហើយក៏មិនដែលបង្កើតបក្សពួកធ្វើរឿងបែបនេះដែរ។ លោកបានសន្យាថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមានទំនួលខុសត្រូវខ្ពស់ ប្រទេសចិន នឹងមិនអង្គុយឱបដៃឈរមើលឡើយ ហើយក៏នឹងមិនយកសាំងចាក់លើភ្លើងដែរ ផ្ទុយទៅវិញ នៅតែមិនយកស្ថានភាពនេះដើម្បីរកផលចំណេញសម្រាប់ខ្លួនដែរ៕
