អ៊ីរ៉ង់៖ អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និយាយថា ការដកខ្លួនជាឯកតោភាគីរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងការដាក់ទណ្ឌកម្មដោយខុសច្បាប់ឡើងវិញមកលើទីក្រុងតេអេរ៉ង់ គឺជាការកើតមានជាក់ស្តែងនៃឯកតោភាគីនិយមដែលធ្វើឲ្យប៉ះពាល់ដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគំរាមដល់ពហុភាគីនិយម។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងថា លោក Amir Saeid Iravani បាននិយាយដូច្នេះកាលពីថ្ងៃចន្ទ ក្នុងសុន្ទរកថាទៅកាន់កិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីពហុភគីនិយម។
បេសកជនអ៊ីរ៉ង់ បានលើកឡើងថា គំរូជាច្រើនដងនៃឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក ដែលរួមទាំងការបង្ខំឲ្យប្រទេសនានាគាំទ្រ និងចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ខ្លួន និងផ្គើនការចេញសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដោយកត់សំគាល់ថាសកម្មភាពជាឯកតោភាគីបែបនេះ បានធ្វើឲ្យប្រព័ន្ធអង្គការសហប្រជាជាតិចុះខ្សោយ។
កាលពីថ្ងៃទី៣០ ខែមីនា តុលាការយុត្តិធម៌អន្តរជាតិ បានចេញសេចក្តីសម្រេចថា សហរដ្ឋអាមេរិក បានអនុញ្ញាតដោយខុសច្បាប់ឲ្យតុលាការរបស់ខ្លួនបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអ៊ីរ៉ង់ជាច្រើន និងបានបញ្ជាឲ្យទីក្រុងវ៉ាស៊ីនតោនបង់សំណងដល់ប្រទេសអ៊ីរ៉ង់ ដែលចំនួននៃការបង់នឹងត្រូវបានកំណត់នៅពេលក្រោយ។អ្នកការទូតអ៊ីរ៉ង់ និយាយថា ការប្រើប្រាស់វិធានការដោយបង្ខំជាឯកតោភាគី រួមទាំងការអនុវត្តន៍ក្រៅដែនដី គឺជាគំរូនៃការព្រួយបារម្ភមួយផ្សេងទៀតនៃសកម្មភាពជាឯកតោភាគីធ្វើឲ្យមានផលប៉ះពាល់ ដែលផ្ទុយទៅនឹងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសិទ្ធិមនុស្សជាមូលដ្ឋាន។

កាលពីខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានដកខ្លួនចេញជាឯកតោភាគី ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលគេស្គាល់ជាផ្លូវការថាជា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម ដែលបានចុះហត្ថលេខារវាងប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោកក្នុងខែកក្កដា ឆ្នាំ២០១៥ និងបានដាក់ទណ្ឌកម្មជាឯកតោភាគីឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយជំរុញភាគីផ្សេងទៀត កាត់បន្ថយការប្តេជ្ញាចិត្តផ្នែកនុយក្លេអ៊ែររបស់ខ្លួនមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ៕