ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកដល់មន្រ្ដីទាំងអស់ថា មន្រ្ដីត្រូវរម្លឹកខ្លួនឯងជានិច្ចថា មន្រ្ដីគឺធ្វើជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ កុំបានធ្វើមន្រ្ដីហើយប្រើអំណាចទាំងទទឹងទិសឱ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងាររបស់មន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័នសាធារណៈព្រោះជាធាតុដ៏សំខាន់ក្នុងការងារអភិបាលកិច្ចរបស់រដ្ឋ។
សម្តេចតេជោ ក៏ដែលធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទរដ្ឋបាលផងដែរហើយសម្ដេចតែងតែឆ្លៀតឱកាសអញ្ជើញជាអធិបតីក្នុងបិទ ឬបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការរៀបចំដោយសាលាភូមិន្ទរដ្ឋបាល។
ក្នុងឱកាសនេះ សម្ដេចតែងតែផ្តល់នូវឱវាទ និងអនុសាសន៍នានាដល់មន្ត្រីរាជការក្នុងការបំពេញការងារ ឬផ្តល់សេវាសាធារណៈទាំងឡាយឱ្យបានល្អប្រសើរដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានជំរុញឱ្យក្រសួងស្ថាប័ន បន្តពង្រឹងសមត្ថភាពធនធានមនុស្សថែមទៀត ដើម្បីបំពេញតម្រូវការមន្រ្ដីរាជការនៅក្នុងប្រទេសកម្ពុជា។
សម្ដេចបញ្ជាក់ថា កម្ពុជា នៅមានការកែទម្រង់ជាច្រើនថែមទៀត ដូច្នេះមន្រ្ដីទាំងអស់ត្រូវធ្វើការងារតាមឱ្យទាន់សភាពការណ៍ហើយការសម្រេចចិត្តនានា គឺត្រូវឈរលើការសម្រេចចិត្តរួមគ្នា និងគិតដល់ផលប្រយោជន៍ប្រជាជនជាចំបង ជាពិសេសមន្រ្ដីរាជការ គឺត្រូវខិតខំពង្រឹងក្រមសីលធម៌ សុជីវធម៌ សីលធម៌របស់ខ្លួនឱ្យបានល្អដើម្បីបម្រើប្រជាជន៕អត្ថបទ៖ វ៉ន ដារ៉ា








