ស៊ូដង់៖ ការប្រយុទ្ធគ្នាកំពុងតែបន្តនៅក្នុងតំបន់ជាច្រើនក្នុងប្រទេសស៊ូដង់ ទោះបីមានបទឈប់បាញ់រយៈពេល៧២ម៉ោងកំពុងត្រូវគោរពភាគច្រើនក៏ដោយ។ ឆ្លើយឆ្លងតាមរយៈទូសរ័ព្ទពីទីក្រុង Omdurman ជាទីក្រុងនៅជាប់រដ្ឋធានី Khartoum លោក Mohamed Osman របស់សារព័ត៌មាន BBC បាននិយាយថា ការប្រយុទ្ធគ្នា បានផ្ទុះឡើង នៅជិតអគារស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ និងពុំមានប្រេងឥន្ធនៈ និងខ្វះវេជ្ជបណ្ឌិត ហើយពលរដ្ឋជាច្រើនកំពុងតស៊ូដើម្បីទទួលបានស្បៀងអាហារ និងថវិកា។
តាមសេចក្តីរាយការណ៍ មេបញ្ជាការកងទ័ពស៊ូដង់ បានព្រមព្រៀងបន្ថែមពេលបទឈប់បាញ់ដោយសារតែហួសកាលបរិច្ឆេទនៅត្រឹមថ្ងៃសុក្រ សម្រាប់រយៈពេល៧២ម៉ោង។

សារព័ត៌មានរ៉យទ័ររាយការណ៍ថា ឧត្តមសេនីយ៍ លោក Abdel Fattah al-Burhan បានផ្តល់ការឯកភាពដំបូងចំពោះសំណើមកពីអាជ្ញាធរអន្តររដ្ឋាភិបាលប្លុកតំបន់អាហ្វ្រិកលើស្ថានការណ៍វិវឌ្ឍន៍។ សំណើនោះ បានស្នើឲ្យមានការបញ្ជូនបេសកជនពីកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្រហ័សជាក្រុមប្រឆាំង ទៅកាន់ទីក្រុង Juba ក្នុងប្រទេសស៊ូដង់ដើម្បីពិភាក្សាអំពីបញ្ហាលម្អិត។
បទឈប់បាញ់បច្ចុប្បន្ន បានចាប់ផ្តើមកាលពីពេលពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទម៉ោងក្នុងតំបន់ នាំឲ្យមានការផ្អាកជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ក្នុងពេលការតស៊ូដណ្តើមអំណាចរវាងមេដឹកនាំកងទ័ព និងកងកម្លាំងគាំទ្ររហ័ស(RSF)។ អ្នកឆ្លើយឆ្លងព័ត៌មាននិយាយថា ពលរដ្ឋនៅក្នុងទីក្រុង Khartoum និង Omdurman កំពុងជួបការលំបាកខ្លាំងក្នុងស្វែងរកទឹកស្អាត ស្បៀងអាហារ និងលទ្ធភាពប្រើប្រាស់លុយកាក់។

ការផ្ទុះ និងការបាញ់កាំភ្លើង នៅតែត្រូវបានលាន់ឭកាលពីថ្ងៃពុធ ដោយមានយន្តហោះចម្បាំងនៅលើអាកាសទោះបីវាមានសភាពស្ងប់ស្ងាត់ជាងមុនពេលមានបទឈប់បាញ់ក៏ដោយ ហើយស្ថានភាពប្រសើរគ្រប់គ្រាន់សម្រាប់ការបន្តជម្លៀសប្រជាជន។ ភាគីជម្លោះទាំងពីរ បានអះអាងការគ្រប់គ្រងទីតាំងសំខាន់ៗដូចជាអាកាសយានដ្ឋាន និងទីបញ្ជាការកងទ័ព។ មនុស្សយ៉ាងហោចណាស់៤៥៩នាក់ បានស្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ទោះបីជាចំនួនពិតប្រាកដ ត្រូវបានគេគិតថាខ្ពស់ជាងនេះក៏ដោយ។ កាលពីពេលមុន អង្គការសុខភាពពិភពលោក និយាយថា ខ្លួនរំពឹងថា នឹងមានអ្នកស្លាប់កាន់តែច្រើនដោយសារជំងឺ ខ្វះលទ្ធភាពទទួលបានអាហារ ទឹក និងការរំខានដល់មណ្ឌលសុខភាពនានា៕