
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់មួយថា «ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥» ដែលករណីនេះធ្លាប់កើតមានឡើងហើយ បាននាំបញ្ហាដល់ការបម្រើការងាររបស់មន្រ្ដីរាជការផងដែរ បន្ទាប់ពីប្រពន្ធ ឬកូន បានយកអំណាចប្ដី ឬឪពុកទៅប្រើប្រាស់ និងទៅធ្វើមុខរបររកស៊ី ទីបំផុតឈានទៅបង្កើតជាបញ្ហាសម្រាប់ខ្លួនឯងនាពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន រម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់នេះ និងបានណែនាំដល់មន្រ្ដីរាជការ និងក្រុមគ្រួសារមន្រ្ដីរាជការទាំងអស់ថា បើចង់ឱ្យប្ដីល្អ ចង់ឱ្យឪពុកល្អ អាចឡើងសក្តិឡើងយស ត្រូវនាំគ្នាប្រព្រឹត្តអំពើល្អដល់ប្រជាពលរដ្ឋ។
សម្តេចតេជោបញ្ជាក់ថា មន្រ្ដីរបស់គណបក្សប្រជាជនមិនដែលអួតខ្លួនជាជាអ្នកស្នេហាជាតិទេ ប៉ុន្ដែចុងក្រោយគឺនាំគ្នាធ្វើការដើម្បីជាតិ និងប្រជាជន។ ផ្ទុយទៅវិញក្រុមប្រឆាំងមួយចំនួនទេដែលអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យទៅវិញទេ ដែលកំពុងធ្វើការងារដើម្បីបំផ្លាញជាតិ បំផ្លាញសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។
ក្នុងឱកាសនេះសម្តេចតេជោ ក៏បានជំរុញឱ្យមន្រ្ដីរាជការទាំងអស់ ខិតខំទទួលយកនូវព័ត៌មានពិតដែលមន្រ្ដីក្រោមឱវាទផ្ដល់ដល់ខ្លួន និងជៀសឱ្យឆ្ងាយពីមន្រ្ដីដែលផ្ដល់ព័ត៌មានមិនពិត។ សម្ដេចបញ្ជាក់ថា «ធ្វើជាអ្នកដឹកនាំកុំឱ្យគេបោកប្រាស់បានចំពោះព័ត៌មាននានា» ហើយជៀវឱ្យឆ្ងាយចំពោះមន្រ្ដីដែលអុចអាលពីរឿងអ្នកដទៃ៕ អត្ថបទ៖ វ៉ន ដារ៉ា