អាមេរិក ៖ កាលពីថ្ងៃពុធម្សិលមិញ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់ក្នុងសំឡេងប្រកៀកប្រកិតគ្នា ដើម្បីដំឡើងបំណុលជាតិដ៏ច្រើនបំផុត ៣១,៤ពាន់លានដុល្លារ ជាការផ្គើននឹងលោកប្រធានាធិបតី Joe Bidenតាមរយៈការភ្ជាប់ជាមួយការកាត់បន្ថយការចំណាយដ៏ច្រើននៅទសវត្សរ៍ក្រោយ ។
នៅក្នុងសំឡេងឆ្នោត ២១៧ទល់នឹង ២១៥សំឡេង ប្រធានសភាលោក Kevin McCarthy សង្ឃឹមថានឹងអាចជំរុញឲ្យលោក Biden ចូលតុចរចាលើការកាត់បន្ថយការចំណាយ បើទោះបីជារូបលោក និងក្រុមប្រជាធិបតេយ្យនៅក្នុងសភា ទទូចលើការបង្កើនការកំណត់បំណុលដោយឥតមានលក្ខខណ្ឌក៏ដោយ លោក McCarthy និយាយថា ពួកយើងបានបំពេញការងាររបស់ពួកយើង ពួកយើងគឺជាភាគីតែមួយគត់ដែលត្រូវចាត់វិធានការសារពើពន្ធតាមចិត្តចង់របស់ពួកយើង ដើម្បីដកចេញការកំណត់បំណុល ដែលពួកយើងមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ។ ពួកយើងបានវិលត្រឡប់មករកវិថីបញ្ចប់ការចំណាយដ៏ខ្ជះខ្ជាយនៅរដ្ឋ Washington ផងដែរពេញជជែកដេញដោលលើសេចក្តីស្នើច្បាប់ ក្រុមសាធារណរដ្ឋមានប្រៀបលើក្រុមប្រជាធិបតេយ្យក្នុងនាមជាអ្នកចំណាយគ្មានការរឹតត្បិតលើប្រាក់របស់អ្នកជាប់ពន្ធ ដែលពួកគេនិយាយថា វាបានជំរុញឲ្យបំណុលជាតិធ្លាក់ក្នុងកម្រិតគ្រោះថ្នាក់ ។
ខណៈពេលនោះដែរ ក្រុមប្រជាធិបតេយ្យ បានសម្តែងការសោកស្តាយចំពោះការកាត់បន្ថយការចំណាយដ៏ច្រើននេះ គឺជាវិធានការមួយនឹងធ្វើឲ្យប៉ះពាល់ដល់កម្មវិធីជាច្រើន រួមទាំងការថែទាំសុខភាពសម្រាប់ជនក្រីក្រ កម្មវិធីអប់រំ Head Startសម្រាប់សិស្សមតេយ្យសិក្សា ការពង្រឹងច្បាប់ និងប្រតិបត្តិការសន្តិសុខតាមអាកាសយានដ្ឋាន ៕ ដោយ ៖ សារ៉ាត់
