បាល់ទាត់៖ ទីបំផុត Manchester City បានស្គាល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League លើកដំបូងហើយ ក្រោយយកឈ្នះក្រុមជើងឯកបារាំង Paris Saint Germain ជើងទីពីរ ២-០។ បន្ទាប់ពីនាំមុខ ២-១ ពីជ័យជំនះនៅទឹកដីបារាំង ជើងទី២ នៅទឹកដីអង់គ្លេសនេះមានព្រិលធ្លាក់ខុសរដូវ តែមិនបានបង្អាក់ដំណើរការប្រកួតឡើយ។

ខ្សែប្រយុទ្ធអាល់ហ្សេរី Riyad Mahrez បានក្លាយជាតួអង្គសំខាន់ក្នុងការប្រកួត ក្រោយស៊ុតបញ្ចូលទីពីរគ្រាប់ដោយការបញ្ជូនរបស់អ្នកចាទី Ederson គ្រាប់ដំបូង និង Phil Foden គ្រាប់ទី ២។ Paris Saint Germain ដែលមិនមានវត្តមានខ្សែប្រយុទ្ធបារាំង Kylian Mbappe ដោយសាររបួសនោះ មិនអាចរកគ្រាប់បាល់បាននៅទឹកដី Eithad ឡើយ និងថែមទាំងបាត់បង់កីឡាករម្នាក់ទៀតនៅពេល Angel di Maria ទទួលបានកាតក្រហម។ អ្នកចាត់ការ PSG លោក Mauricio Pochettino ក្រោយចប់ការប្រកួតបានសំដែងអារម្មណ៍មិនសប្បាយចិត្ត ក្រោយបរាជ័យនេះ ហើយអវត្តមានរបស់ Mbappe ក៏មិនមែនជាហេតុផលនៃបរាជ័យនេះ។ ចំណែកលោក Pep Guardiola ការឈានឡើងវគ្គផ្តាច់ព្រ័ត្រលើកនេះ អតីតអ្នកចាត់ការ Barcelona រូបនេះនិយាយនឹករលឹកដល់កីឡាករចាស់ ដែលបានចាកចេញកន្លងទៅដូចជា Joe Hart, Zabaleta, Vincent Kompany និង David Silva ជាដើម ដោយគិតថាបើគ្មានអ្នកទាំងនោះ Manchester City ក៏មិនអាចឈានដល់ពេលនេះឡើយ។
ការឈានឡើងវគ្គផ្តាច់ព្រ័ត្ររបស់ Manchester City បានក្លាយជាក្លិបអង់គ្លេសទី៩ ដែលឈានឡើងវគ្គផ្តាច់ព្រ័ត្រ European Cup រឺ Champions League ច្រើនជាងលីគផ្សេងៗរួមមានអាល្លឺម៉ង់ និងអ៊ីតាលីដែលមានត្រឹម ៦ក្លិប។ Manchester City មានពេល ៣សប្តាហ៍ដើម្បីត្រៀមខ្លួនសំរាប់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៩ ខែឧសភានេះនៅទីក្រុង Istanbul ប្រទេសទួរគី រង់ចាំអ្នកឈ្នះយប់នេះរវាង Chelsea និង Real Madrid៕
អត្ថបទ៖នាង សុភាវុធ