អុីរ៉ង់ ៖B សារព័ត៌មានរដ្ឋ រាយការណ៍ថា បុព្វជិតជាន់ខ្ពស់មូស្លីមនិកាយស៊ីយ៉ាម្នាក់របស់អ៊ីរ៉ង់ និងជាសមាជិកក្នុងសភាអ្នកជំនាញ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ភាគខាងជើងអ៊ីរ៉ង់ ។
លោក Ayatollah Abbasali Soleimaniបានស្លាប់នៅក្នុងមន្ទីរពេទ្យ ក្រោយរងការបាញ់ប្រហារនៅធនាគារមួយកន្លែងស្ថិតក្នុងទីក្រុង Babolsar ខេត្ត Mazandaran ។
អភិបាលក្រុង Babolsar និយាយថា ខ្មាន់កាំភ្លើងដែលត្រូវបានចាប់ខ្លួន គឺជាសន្តិសុខធនាគារ ហើយមូលហេតុដែលនាំឲ្យឈានទៅរកការបាញ់ប្រហារនេះ ពុំត្រូវបានគេដឹងច្បាស់នោះទេ ។
លោក Ayatollah Soleimani ស្ថិតក្នុងចំណោមបុព្វជិត ៨៨រូបនៅក្នុងសភាអ្នកជំនាញ គឺជាអង្គបោះឆ្នោតមួយ ដែលត្រូវតែងតាំងមេដឹកនាំកំពូលអ៊ីរ៉ង់ ។
អង្គបោះឆ្នោតមួយនេះ នឹងតាមដានផងដែររាល់សកម្មភាពរបស់លោក ហើយផ្អែកលើទ្រឹស្តីបទ ពួកគេអាចដកតំណែងរបស់លោកបាន បើសិនជាលោកគ្មានសមត្ថភាពបំពេញការងាររបស់លោក ។
កាលពីមុនលោកធ្លាប់ជាអ្នកតំណាងផ្ទាល់ខ្លួនផងដែររបស់មេដឹកនាំកំពូលបច្ចុប្បន្ន លោក Ayatollah Ali Khamenei នៅខេត្តភាគអាគ្នេយ៍ Sistan-Baluchistanដោយរូបលោកលាលែងពីតំណែងកាលពីឆ្នាំ ២០១៩ ក្រោយបំពេញការងារអស់រយៈពេល ១៧ឆ្នាំ ។
លោក Ayatollah Soleimani ដែលស្ថិតក្នុងវ័យ ៧០ឆ្នាំប្លាយ បានធ្វើដំណើរទៅកាន់ធនាគារ Belli កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃពុធ ត្រូវនឹងម៉ោង ៧ម៉ោងសកល ពេលដែលលោករងការបាញ់ប្រហារ ៕ ដោយ ៖ សារ៉ាត់
