
ប្រទេសសិង្ហបុរីបានដំឡើងពន្ធលើការទិញអចលនទ្រព្យឯកជននៅក្នុងបម្លាស់ប្ដូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីយប់ថ្ងៃពុធ (២៦ មេសា) ដែលរួមបញ្ចូលទាំងការបង្កើនពន្ធទ្វេដងសម្រាប់ជនបរទេសដល់ ៦០ភាគរយ។
ពន្ធប្រថាប់ត្រារបស់អតិថិជនទិញបន្ថែម (ABSD) សម្រាប់ពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ក៏នឹងប្រឈមនឹងការកើនឡើងផងដែរ ប៉ុន្តែក្នុងតួរលេខតិចតួចប៉ុណ្ណោះ ហើយទៅលើតែអចលនទ្រព្យទីពីរ និងជាបន្ទាប់បន្សំរបស់ពួកគេប៉ុណ្ណោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមពីក្រសួងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជាតិ និងធនាគារកណ្តាល។
តម្លៃអចលនៈទ្រព្យ និងតម្លៃជួលក្នុងប្រទេសសិង្ហបុរីបានឡើងថ្លៃជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការពន្យារពេលសាងសង់ដែលបណ្តាលមកពីការរំខានដោយកូវីដ-១៩។
ក្រុមអាជ្ញាធរក្នុងប្រទេសសិង្ហបុរី ជាទីដែលការវិនិយោគអចលនទ្រព្យប្រកបដោយសុវត្ថិភាពសម្រាប់ជនបរទេសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ បន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវតម្លៃអចលនទ្រព្យ ដើម្បីធានាថាលំនៅដ្ឋាននៅតែមានតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងស្រុក និងស្ថិតក្នុងជំហានដូចគ្នាជាមួយនឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច។
