ព្រះសីហនុ៖ ការរៀបចំវេទិការទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គGMS នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែមេសាត្រូវបានបិទបញ្ចប់ ហើយក្រុមឧត្តមមន្ត្រីទេសចរណ៍បណ្តាប្រទេសមហាអនុតំបន់មេគង្គ GMSបានស្នើប្រមុខថ្នាក់ដឹករដ្ឋាភិបាលប្រទេសGMS ជួយដោះស្រាយកង្វល់រួម ក្នុងវិស័យទេសចរណ៍ដើម្បីឲ្យបណ្តាប្រទេសGMS ក្លាយជាអនុតំបន់សមូហភាព និងថាមពល។
ក្នុងពិធីបិទវេទិការទេសចរណ៍GMS ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ថ្លែងថា នៅក្នុងវេទិកាក្រុមឧត្តមមន្ត្រីទេសចរណ៍GMS និងភាគីពាក់ព័ន្ធ បានពិភាក្សាយ៉ាងផុសផុលបំផុត ពីផលប្រយោជន៍ និងកង្វល់រួមគ្នាលើជីវភាពរស់នៅការងារ និងការបង្កើតជំនាញរបស់មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតជាសកល ហើយបានពិភាក្សារកវិធី ដើម្បីគិតឡើងវិញនូវយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅក្នុងប្រទេសសមាជិក GMS ដែលរួមមាន ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ឲ្យក្លាយជាអនុតំបន់សមូហភាព និងថាមពល។
ឯកឧត្តម បន្តថា នៅក្នុងវេទិកានេះដែរ ក្រុមឧត្តមមន្ត្រីទេសចរណ៍GMS ក៏ស្នើឱ្យរដ្ឋាភិបាល GMS ទាំងអស់ អ្នករៀបចំគោលនយោបាយ វិទ្យាស្ថាន អ្នកជំនាញវិជ្ជាជីវៈ អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងសាធារណៈ បន្តសហការគ្នា ខិតខំប្រឹងប្រែងធ្វើឱ្យទេសចរណ៍ GMSរស់ឡើងវិញតាមរយៈគំរូធុរកិច្ចថ្មី ការធ្វើឌីជីថលភាវូបនីយកម្ម និងបច្ចេកវិជ្ជា ការផលិតកម្មអាហារដែលមានលក្ខណៈស្តង់ដា ដោយដាក់ចេញនូវពិធីសារសុវត្ថិភាព និងអនាម័យ ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាមួយនឹងសមភាពយេនឌ័រ ដើម្បីធានាការចែកចាយអត្ថប្រយោជន៍ដោយស្មើភាព រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
ឯកឧត្តម ទិត ចន្ថាបន្តថា វេទិកានេះ ក៏បានពិភាក្សាយ៉ាងសកម្មដែរ អំពីបញ្ហា និងនិន្នាការនៃការស្តារវិស័យទេសចរណ៍ជាមួយអ្នកជំនាញទេសចរណ៍ក្នុងស្រុក និងអន្តរជាតិដូចជា៖ ការអភិវឌ្ឍបណ្តាញផលិតកម្មអាហារក្នុងស្រុក និងខ្សែសង្វាក់ផ្គត់ផ្គង់ដោយផ្តោតលើសុវត្ថិភាព និងអនាម័យ ខណៈដែល “គោលដៅទេសចរណ៍ឆ្លាតវៃ ការជំរុញធនធានមនុស្ស និងសមភាពយេនឌ័រក្នុងវិស័យទេសចរណ៍” ដើរតួនាទីសំខាន់ក្នុងការត្រួសត្រាយផ្លូវសម្រាប់ភាពធន់ រឹងម៉ាំក្នុងវិស័យទេសចរណ៍។
សូមបញ្ជាក់ថា៖ ក្នុងឱកាសនេះដែរ ឯកឧត្តម ទិត ចន្ថា ក៏បានបានប្រគល់ទង់ប្តូរវេនជូនទៅសាធាររណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍មេគង្គ សម្រាប់ឆ្នាំ២០២៤ខាងមុខ៕ អត្ថបទ៖ ស៊ុម សុខជា