
ក្រោមស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងនៅពេលព្រឹកនានិទាឃរដូវ ក្រុមយុវជន-យុវតីចិន នាំគ្នាជួបជុំគ្នានៅបរិវេនព្រះវិហារ Lama ស្ថិតក្នុងទីក្រុងប៉េកាំង ដើម្បីអុជទៀន-ធូប បួងសួងបន់ព្រះ សុំសេចក្តីសុខ សេចក្តីចម្រើន រកស៊ីមានបាន ស្របពេលដែលពួកគេប្រឈមនឹងសំពាធការងារ។
នៅក្នុងចំណោមក្រុមយុវជន-យុវតីនៅវិហារព្រះពុទ្ធសាសនាទីបេអាយុកាល ៣០០ឆ្នាំនេះ គឺជាអ្នកស្វែងរកការងារធ្វើក្មេងៗអស់សង្ឃឹម ដែលបាននិយាយថា ពួកគេបន់ស្រន់ឲ្យមានឱកាសការងារល្អប្រសើរជាងនេះ។
យុវជន Yu គឺជានិស្សិតបញ្ចប់ការសិក្សាវ័យ២១ឆ្នាំមួយរូប ដែលតម្រង់ជួរចូលអុជធូបក្នុងវិហារ Lama និយាយថា បើសិនជាអ្នកមិនអាចរកការងារធ្វើបាន អ្នកត្រូវមកទីនេះដើម្បីបន់ស្រន់ឲ្យរកបានការងារល្អធ្វើ។
លោក Yuស្ថិតក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ១១.៥៨លាននាក់ ដែលគេរំពឹងថានឹងចូលប្រឡូកទីផ្សារក្នុងឆ្នាំនេះ នៅក្នុងប្រទេសចិនដែលទើបងើបពីវិធានការបិទខ្ទប់ដ៏តឹងរឹងបំផុតដើម្បីទប់ស្កាត់ជំងឺ COVID-19កាលពីឆ្នាំមុន ក៏ដូចជាវិធានការបង្ក្រាបវិស័យបច្ចេកវិទ្យា និងអប់រំ ដែលជាអ្នកជួលដ៏សំខាន់ក្នុងទីផ្សារការងារ។
យោងតាមរបាយការណ៍ពីមន្ទីរស្ថិតិជាតិ បានឲ្យដឹងថា ១ភាគ៥(ស្មើនឹង ១៩,៦ភាគរយ)នៃក្រុមយុវជនចិន មានអាយុចន្លោះពី ១៦ឆ្នាំ ទៅ ២៤ឆ្នាំ គ្មានការងារធ្វើនោះទេ។ សេដ្ឋកិច្ចចិនកំពុងងើបឡើងវិញ ចាប់តាំងពីវិធានការទប់ស្កាត់ជំងឺ COVID-19 ត្រូវបានដកចេញកាលពីខែធ្នូឆ្នាំមុន ប៉ុន្តែការជួលកម្មករ ឬបុគ្គលិក ដឹកមុខដោយឧស្សាហកម្មម្ហូបអាហារ និងទេសចរណ៍ដែលរងផលប៉ះពាល់ដោយសារការរីករាលឆ្លងសកលជំងឺ COVID-19 ហើយនិងផ្តល់ប្រាក់កម្រៃទាបដល់អ្នកដែលពុំសូវមានជំនាញ ឬមានចំណេះដឹងតិច៕

