
កាលពីថ្ងៃពុធម្សិលមិញ ប្រទេសប៉េរូ បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅតាមតំបន់ព្រំដែន ស្របពេលដែលពួកគេទប់ទល់នឹងលំហូរចូលជនអន្តោប្រវេសន៍វេណេស៊ុយអេឡាដ៏ច្រើនលើសលុប ធ្វើដំណើរចូលមកពីប្រទេសឈីលី និងអ្នកដែលព្យាយាមឆ្លងកាត់ប្រទេសមួយនេះ ។
ក្រុមនគរបាល ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ព្រំដែន ដូចជាតំបន់ Tacnaក្នុងនោះគ្រួសារជនអន្តោប្រវេសន៍ជាច្រើន បានជាប់ខ្លួននៅតំបន់ព្រំដែនរួមរវាងប្រទេសប៉េរូ និងឈីលី ។
ភាគច្រើននៃពួកគេ គឺជាជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ដែលធ្វើដំណើរដោយថ្មើរជើងរឆ្លងកាត់ប៉េរូ ពេលដែលពួកគេព្យាយាមធ្វើដំណើរវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ នៅប្រទេសវេណេស៊ុយអេឡា។
ប្រធានាធិបតីប៉េរូលោក Dina Boluarte បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដែលជាផ្នែកមួយនៃកិច្ចខិតខំដើម្បីគ្រប់គ្រងច្បាប់ និងសណ្ឋាប់ធ្នាប់ ។
ការប្រកាសដាក់រដ្ឋក្នុងគ្រាអាស្ននក្រុមអាជ្ញាធរនេះ នឹងធ្វើឲ្យប៉ះពាល់ដល់តំបន់ព្រំដែនចំនួន ៧ជាប់ជាមួយប្រទេសឈីលី អេក្វាឌ័រ កូឡុំប៊ី ប្រេស៊ីល និងប៊ូលីវី ។
យោងតាមសេចក្តីរាយការណ៍ផ្លូវការនៅក្នុងប្រទេសប៉េរូ បានឲ្យដឹងថា ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ចន្លោះ ៣០ម៉ឺននាក់ ដល់ ៤០ម៉ឺននាក់ គ្មានឯកសារត្រឹមត្រូវ នៅប្រទេសប៉េរូ បានធ្វើដំណើរចូលប្រទេសមួយនេះ ដោយឆ្លងកាត់ប្រទេសអេក្វាឌ័រ ៕
