ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ “បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍ជាមូលដ្ឋាននៅកន្លែងធ្វើការ”ដែលប្រព្រឹត្តទៅនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ ដោយមានការចូលរួមពីកម្មករ កម្មការិនីសរុបប្រមាណ១ពាន់នាក់។
ទិវាពិភអលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣ នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាព និងសុខភាពការងារសំដៅបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាព និងសុខភាពការងារដល់ ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគម និយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌នៃបង្ការជាវិជ្ជមានលើផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ, ផ្សព្វផ្សាយ និងចែករំលែកពីស្ថានភាព និងទំហំគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ និងផលប៉ះពាល់ទៅ លើកម្មករនិយោជិត រួមនឹងការអនុវត្តល្អៗពីភាគីនិយោជក និងកម្មករនិយោជិតលើការងារសុវត្ថិភាព និងសុខភាពការងារនៅ កន្លែងធ្វើការ និងជំរុញការលើកកម្ពស់បន្ថែមចលនាទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកាក្នុងការបង្ការ និងកាត់ បន្ថយការបាត់បង់ជីវិតគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ នៅទូទាំងពិភពលោក។
ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ គឺជា យុទ្ធនាការអន្តរជាតិ ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេស សមាជិក អង្គការ អន្តរជាតិខាងការងារ (ILO) នៅ លើសកលលោក ដើម្បីរំលឹកដល់កម្មករនិយោជិត ដែលបាន បាត់បង់ជីវិត និងរងគ្រោះ ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីការងារសមរម្យប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។





