បាត់ដំបង៖ ដំណើរការសាងសង់វិមានឯករាជ្យក្នុងក្រុងបាត់ដំបង កំពុងត្រូវបានពន្លឿនទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យបានរួចរាល់យ៉ាងយូរនៅត្រឹមដើមខែឧសភានា ពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវ នៅបរិវេណជុំវិញបន្តទៀត។
លោក តន សុផាត អ្នកសម្របសម្រួលទំនាក់ទំនងការងារការដ្ឋានសាងសង់វិមានឯករាជ្យ បានថ្លែងឱ្យដឹងថា វិមានឯករាជ្យក្នុងក្រុងបាត់ដំបង ត្រូវបានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក បានបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ដំណើរការសាងសង់សម្រេចបានប្រមាណ ៩០ភាគរយ និងគ្រោងបញ្ចប់ការសាងសង់យ៉ាងយូរនៅដើមខែឧសភាខាងមុខនេះ។
សូមបញ្ជាក់ថា ក្រៅពីការសាងសង់វិមានឯករាជ្យរដ្ឋបាលខេត្តបាន និងកំពុងពន្លឿនការសាងសង់សួនច្បារ ផ្សាររាត្រីថ្មី និងច្រាំងស្ទឹងសង្កែ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុងបាត់ដំបង ឱ្យកាន់តែស្រស់បំព្រងថែមមួយកម្រិតទៀត សំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត និងប្រែក្លាយទៅជាទីក្រុងវៃឆ្លាតនៅពេលអនាគត៕