UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសជាឯកច្ឆន្ទកាលពីថ្ងៃព្រហស្បតិ៍ លើការដាក់បម្រាមរបស់រដ្ឋបាលក្រុមតាលីបង់ ទៅលើស្ត្រីអាហ្វហ្គានីស្ថានដែលបម្រើការឲ្យអង្គការសហប្រជជាតិ ក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានអំពាវនាវឲ្យមេដឹកនាំក្រុមតាលីបង់ដកចេញជាបន្ទាន់នូវការបង្ក្រាបលើសិទ្ធរបស់ស្ត្រី និងក្មេងស្រី។

សេចក្តីសម្រេច ត្រូវបានពង្រៀងដោយប្រទេសអារ៉ាប់រួម និងប្រទេសជប៉ុន ដែលបានចាត់ទុកបម្រាមនេះថាពុំធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិ ដោយអះអាងថាតួនាទីរបស់ស្ត្រីដែលមិនអាចអាក់ខានបាននៅក្នុងសង្គមប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថាបម្រាមលើស្ត្រីអាហ្វហ្គានីស្ថានបម្រើការឲ្យអង្គការសហប្រជាជាតិ បំផ្លាញដល់សិទ្ធិមនុស្ស និងគោលការណ៍មនុស្សធម៌។
ឯកអគ្គរដ្ឋទូតអារ៉ាប់រួមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Lana Nusseibeh និយាយថា ប្រទេសច្រើនជាង៩០ បានសហការគាំទ្រសេចក្តីសម្រេចមកពីប្រទេសជិតខាងភ្លាមៗរបស់ប្រទេសអាហ្វហ្គានីស្ថាន មានចាប់ពីពិភពមូស្លីម និងមកពីគ្រប់ទីកន្លែងលើពិភពលោក។

ការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខ បានធ្វើឡើងជាច្រើនថ្ងៃមុនកិច្ចប្រជុំអន្តរជាតិតាមការគ្រោងទុក នៅក្នុងទីក្រុង Doha នៅថ្ងៃទី១ និងទី២ ខែឧសភា ស្តីពីប្រទេសអាហ្វហ្គានីស្ថាន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងកោះប្រជុំបិទទ្វារនៅពីក្រោយបេសកជនពិសេស ស្តីពីប្រទេសអាហ្វហ្គានីស្ថាន មកពីប្រទេសផ្សេងៗដើម្បីធ្វើការលើវិធីសាស្ត្ររួបរួមដោះស្រាយក្រុមតាលីបង់៕