បាល់ទាត់៖ ក្រុមអេស្ប៉ាញ Real Madrid បានធ្វើដំណើរទៅទឹកដី Chelsea ដោយគ្មានវត្តមានខ្សែការពារបារាំង Raphael Varane ក្នុងជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នៅទឹកដី Stamford Bridge រាត្រីនេះ។
Raphael Varane បានទទួលរងរបួសអំឡុងការប្រកួតចុងសប្តាហ៍កន្លងទៅពេល Real Madrid យកឈ្នះ Osasuna ដែលជាដំណឹងអាក្រក់មួយសំរាប់ក្រុម។ យ៉ាងណាក្តីក្រុមរបស់លោក Zinedine Zidane ក៏មានដំណឹងល្អវិញដែរ ដោយកីឡាករសំខាន់ៗផ្សេងទៀតដូចជា ខ្សែការពារប្រេស៊ីល Marcelo, ប្រធានក្រុម Sergio Ramos ក៏ដូចជា Federico Valverde និង Ferland Mendy សុទ្ធតែត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញ។ Real Madrid បានត្រឹមស្មើ ១-១ ប៉ុណ្ណោះក្នុងទឹកដីខ្លួនឯងកាលពីជើងទី១ មានន័យថាជើងទី២ នេះពួកគេត្រូវការគ្រាប់បាល់ដាច់ខាត។
ងាកមក Chelsea វិញមុនមកដល់ការប្រកួតរាត្រីនេះបានយកឈ្នះ Fulham ២-០ ចុងសប្តាហ៍កន្លងទៅ ខណៈក្រុមរបស់លោក Thomas Tuchel ផងដែរគ្មានបញ្ហារបួសកីឡាករឡើយ។ ៩០នាទីរាត្រីនេះ Chelsea នឹងដឹងថា ពួកគេអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League លើកទី៣ បានរឺអត់។ រំលឹកថា Chelsea បានឡើងវគ្គផ្តាច់ព្រ័ត្រដំបូងកាលពីឆ្នាំ២០០៨ ពេលនោះចាញ់ Manchester United ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី និងឡើងវគ្គផ្តាច់ព្រ័ត្រម្តងទៀតនៅឆ្នាំ២០១២ ឈ្នះ Bayern Munich ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី៕
អត្ថបទ៖នាង សុភាវុធ