អាមេរិក៖ មន្ត្រីឆ្មាំជាតិក្នុងអង្គភាពកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ពីបទទម្លាយឯកសារយោធាសម្ងាត់ និងរក្សាទុកឃ្លាំងអាវុធក្នុងបន្ទប់គេងរបស់ខ្លួនបានឡើងតុលាការសហព័ន្ធកាលពីថ្ងៃព្រហស្បតិ៍ទី២៧មេសាសប្ដាហ៍នេះ ជាទីដែលមានការរំពឹងថា ក្រុមរដ្ឋអាជ្ញាសហព័ន្ធ នឹងបញ្ជាក់ថារូបគេគួរតែបន្តឃុំខ្លួន ព្រោះគេបានបង្កឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ។

លោក Jack Douglas Teixeira ត្រូវបានចាប់ខ្លួនដោយទីក្នាក់ងារ FBI កាលពីថ្ងៃទី១៣ ខែមេសា នៅផ្ទះរបស់គេក្នុងរដ្ឋ Massachusetts និងបានចោទប្រកាន់ពីបទបំពានច្បាប់ចារកម្ម។
លោក Nadine Pellegrini ជំនួយការរដ្ឋអាជ្ញាអាមេរិក បានប្រាប់ចៅក្រមថា វានឹងលំបាកគិតថា Teixeira នឹងមិនស្វែងរអ្នកពាក់ព័ន្ធជាមួយគេ ដែលចង់បានព័ត៌មានសម្ងាត់ ដែលលោកកំពុងត្រូវបានរងការចោទប្រកាន់ពីបទលួចព័ត៌មាន។
ក្រុមរដ្ឋអាជ្ញានិយាយថា Teixeira បានទម្លាយឯកសារដែលត្រូវបានផ្ទៀងផ្ទាត់រួច រួមទាំងឯកសារពាក់ព័ន្ធចលនាកងទ័ពនៅក្នុងជម្លោះរុស្ស៊ី -អ៊ុយក្រែន ទៅឲ្យក្រុមអ្នកលេងល្បែងសង្គ្រាមនេះ តាមអែបបញ្ជូនសារ Discord។

ក្នុងឯកសារមួយកាលពីល្ងាចថ្ងៃពុធ ពួកគេបាននិយាយថា រូបគេបានបំផ្លាញភស្តុតាងក្នុងសំណុំរឿងនេះ ហើយពួកគេក៏បានចង្អុលបង្ហាញពីប្រវត្តិរបស់គេក្នុងការគំរាមកំហែងដោយហិង្សាតាមអ៊ីនធឺណិត ដោយនិយាយថា គួរតែត្រូវបានឃុំខ្លួនដោយរង់ចាំការកាត់ក្តី ព្រោះបុរសវ័យ២១ឆ្នាំរូបនេះ អាចនឹងមានផែនការរត់គេចខ្លួនចេញពីប្រទេស និងបង្កការគំរាមកំហែង។

លោកTeixeira ដែលរស់នៅជាមួយម្តាយ និងឪពុកចុងរបស់គេ បានទុកកេះកាំភ្លើងចម្ងាយ២ហ្វីត ពីលើគ្រែរបស់គេ ដែលមានកាំភ្លើងខ្លី កាំភ្លើងវែង និងកាំភ្លើងវែងបែបយោធា រួមទាំងបង់កាំភ្លើងដែលមានសមត្ថភាពខ្ពស់ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាល៕