អាមេរិក៖ ក្រុមមន្ត្រី សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងពន្លឿនការនិរទេស ខណៈកំពុងពង្រីកផ្លូវធ្វើដំណើរស្របច្បាប់ផងដែរ សម្រាប់ជនអន្តោប្រវេសន៍ ខណៈខ្លួនត្រៀមទប់ទល់ការកើនឡើងការឆ្លងព្រំដែនដោយខុសច្បាប់ នៅពេលវិធានការរឹតត្បិតវីរុស COVID-19 គ្រោងនឹងបញ្ចប់នៅខែឧសភា ។

ក្រសួងការបរទេស និងក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីផែនការរបស់ខ្លួនថា សហរដ្ឋអាមេរិក នឹងបង្កើនចំនួនជើងហោះហើរ ទ្វេជា២ ឬជា៣ សម្រាប់ការនិរទេសទៅកាន់ប្រទេសមួយចំនួន និងរារាំងការឆ្លងកាត់ព្រំដែនដោយខុសច្បាប់របស់ក្រុមជនអន្តោប្រវេសន៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក នឹងពង្រីកផ្លូវធ្វើដំណើរស្របច្បាប់សម្រាប់ក្រុមជនអន្តោប្រវេសន៍ ដោយលើកទឹកចិត្តឲ្យពួកគេដាក់ឯកសារស្នើសុំចូលទឹកដីអាមេរិក នៅមជ្ឈមណ្ឌលដំណើរការថ្មីចំនួន២កន្លែងនៅក្នុងប្រទេសហ្គាតេម៉ាឡា និងកូឡុំប៊ី ដោយពុំចាំបាច់ធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក-ម៉ិក។

ក្រុមមន្ត្រីសហរដ្ឋអាមេរិក និយាយថា មជ្ឈមណ្ឌលនានា ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ នឹងដោះស្រាយនិតិវិធីជនភៀសខ្លួន ខណៈសហរដ្ឋអាមេរិក បានសន្យាបើកចំហកាន់តែទូលាយសម្រាប់ការគាំទ្រដល់អ្នកស្វែងរកការជ្រកកោន នៅក្នុងតំបន់អឌ្ឍគោលខាងលិច ។ ប្រទេសកាណា និងអេស្ប៉ាញ ក៏បាននិយាយផងដែរថា ពួកគេនឹងទទួលយកជនអន្តោប្រវេសន៍តាមរយៈមជ្ឈមណ្ឌលទាំងនោះ៕