អាមេរិក៖ ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រាប់សមាជិកសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា ការពន្លឿនកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក គឺជាភាពចាំបាច់ក្នុងការទប់ទល់ការកើនឡើងការគំរាមនុយក្លេអ៊ែរពីសំណាក់ប្រទេសកូរ៉េខាងជើង និងបាននិយាយថា ពិភពលោកមិនត្រូវងាកចេញពីការជំរុញឲ្យមានសេរីភាពសម្រាប់ប្រទេសកូរ៉េខាងជើងនោះទេ។
លោក Yoon ស្ថិតក្នុងថ្ងៃទី៤ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដើម្បីប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក បានប្តេជ្ញានៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំរួមរបស់សភាថាប្រទេសកូរ៉េខាងត្បូងនឹងធ្វើការយ៉ាងសកម្មដើម្បីការពារសិទ្ធសេរីភាពរបស់ប្រជាជនអ៊ុយក្រែន និងគាំទ្រកិច្ចប្រឹងប្រែងស្តារឡើងវិញរបស់ពួកគេ។

កាលពីថ្ងៃពុធ លោក Yoon បានជួបជាមួយប្រធានាធិបតី លោក Joe Biden នៅសេតវិមាន ហើយសហរដ្ឋអាមេរិក បានសន្យានឹងបង្ហាញចក្ខុវិស័យទូលំទូលាយបន្ថែមទៀតដល់ប្រទេសកូរ៉េខាងត្បូងសម្រាប់ផែនការនុយក្លេអ៊ែររបស់ខ្លួន ជុំវិញជម្លោះណាមួយជាមួយប្រទេសកូរ៉េខាងជើង ក្នុងពេលមានភាពអន្ទះសារលើការកើនឡើងឃ្លាំងអាវុធមីស៊ីល និងគ្រាប់បែករបស់ទីក្រុងព្យុងយ៉ាង។ លោក Yoon បានប្រាប់សភាថា សម្ព័ន្ធមិត្តត្រូវតែមានជំហររួម ដើម្បីទប់ទល់នឹងឥរិយាបថមិនទទួលខុសត្រូវរបស់ប្រទេសកូរ៉េខាងជើង និងបានបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់លោក ឆ្ពោះទៅរកទំនាក់ទំនងជាមិត្តភាពជាមួយប្រទេសជប៉ុនដែលនៅជិតខាង បន្ទាប់ពីទំនាក់ទំនងដ៏តានតឹងជាមួយគ្នាជាច្រើនឆ្នាំ ដោយនិយាយថា បូករួមជាមួយការសម្របសម្រួលសហរដ្ឋអាមេរិក-កូរ៉េ ដ៏ជិតស្និត យើងចាំបាច់ត្រូវពន្លឿនកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ជប៉ុន អាមេរិក និងកូរ៉េ ដើម្បីទប់ទល់ការកើនឡើងការគំរាមនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក Yoon បានក្លាយជាមេដឹកនាំកូរ៉េខាងត្បូងទី៧ ដែលថ្លែងទៅកាន់សភាអាមេរិក ដែលគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។ ការថ្លែងដូច្នេះទៅកាន់សភា ជាធម្មតាធ្វើឡើងសម្រាប់តែសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកជិតស្និតបំផុត ឬមេដឹកនាំពិភពលោកសំខាន់ៗ។ សុន្ទរកថាបែបនេះលើកចុងក្រោយបង្អស់ ត្រូវបានធ្វើឡើង ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីខែធ្នូ៕