អេស្ប៉ាញ៖ នៅក្នុងប្រទេសអេស្ប៉ាញភាគខាងត្បូងដែលទទួលរងគ្រោះរាំងស្ងួត រថយន្តដឹកស៊ីទែនទឹកបានដឹកជញ្ជូនទឹកស្អាតសម្រាប់រយៈពេលជាងមួយសប្តាហ៍ដល់ពលរដ្ឋប្រមាណ៨០.០០០នាក់ ព្រោះអាងស្តុកទឹក Sierra Boyera ក្នុងតំបន់របស់ពួកគេបានរីងស្ងួត ហើយទឹកនៅក្នុងទំនប់សម្រាប់ជំនួសគឺមិនស័ក្តិសមសម្រាប់មនុស្សប្រើប្រាស់។
ប្រជាជនក្នុងតំបន់នាង Mari Carmen មកពីភូមិ Alcaracejos ជាភូមិមួយក្នុងចំណោមភូមិជាច្រើនដែលរងផលប៉ះពាល់ទំាង២៧ភូមិ នៅជិតទីក្រុង Cordoba បាននិយាយបន្ទាប់ពីនាងបានចាក់បំពេញដបទឹករបស់នាងពីរថយន្តដឹកទឹកថា នាងពុំដែលបានជួបប្រទះបែបនេះទេពីមុនមក។

កាលពីថ្ងៃទី៩ ខែមេសា សហព័ន្ធធារាសាស្ត្រទន្លេ Guadalquivir បានបញ្ជាក់ថាទឹកនៅអាងស្តុកទឹក Sierra Boyera បានរីងស្ងួតអស់ ដែលធ្វើឲ្យអាងនេះក្លាយជាអាងទឹករីងស្ងួតជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំមកនេះ ក្នុងទីក្រុង Cordoba។ អាជ្ញាធរភូមិ Alcaracejos និយាយថា យើងកំពុងត្រូវបានផ្គត់ផ្គង់ទឹក តាមរយៈរថយន្តដឹកស៊ីទែនទឹក។ អាជ្ញាធរនិយាយថាអាងស្តុកទឹក La Colada ដែលផ្គត់ផ្គង់ទឹកដល់អាង Sierra Boyera នៅពេលដែលមានកម្រិតទាប ពេលបច្ចុប្បន្ននេះពុំអាចបំពេញតាមស្តង់ដារគុណភាពទឹករបស់សហភាពអឺរ៉ុបបាននោះទេ។ ការពិតនោះគឺថា មានភ្លៀងធ្លាក់រយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះក្នុងឆ្នាំ២០២៣នេះ អ្វីគ្រប់យ៉ាងបានកើតឡើងព្រមគ្នាដើម្បីបង្កើតព្យុះខ្លាំង។ ដើម្បីដោះស្រាយការខ្វះខាតទឹក អាជ្ញាធរក្នុងតំបន់ បានផ្តល់ឲ្យប្រជាពលរដ្ឋនូវទឹកស្អាតត្រឹមតែ៥លីត្រប៉ុណ្ណោះក្នុងមួយថ្ងៃពីរថយន្តដឹកទឹក ដែលផ្តល់ទឹកដល់តំបន់រងផលប៉ះពាល់។

ប្រជាជនខ្លាចថា ស្ថានភាពបែបនេះ នឹងបន្តរយៈពេលយូរឆ្លងកាត់រដូវក្តៅ នៅពេលពួកគេព្រួយបារម្ភថាក្បាលម៉ាស៊ីនទឹករបស់ពួកគេ នឹងស្ងួតទាំងស្រុង៕