ទួរគី៖ ប្រទេសទួរគី ត្រៀមនឹងក្លាយជាប្រទេសមានថាមពលនុយក្លេអ៊ែរ តាមរយៈការបើកសម្ពោធរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួនគឺរោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu មានទីតាំងនៅតាមបណ្តោយឆ្នេរសមុទ្រមុទ្រម៉េឌីទែរ៉ាណេ នៅខេត្ត Mersin ។

ដោយត្រូវបានសាងសង់ដោយក្រុមហ៊ុនថាមពលអាតូមិករដ្ឋ របស់រុស្ស៊ី Rosatom រោងចក្រនេះ នឹងផ្គត់ផ្គង់១០ភាគរយ នៃតម្រូវការអគ្គិសនីរបស់ប្រទេស។
ការប្រារព្ធពិធីដែលមានភ្ញៀវសំខាន់ៗចូលរួមតាមប្រព័ន្ធវីដេអូ បានធ្វើឡើងកាលពីថ្ងៃព្រសហ្បតិ៍ រួមមានប្រធានាធិបតីលោក Recep Tayyip Erdoğan និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
ព្រឹត្តិការណ៍នេះ បានកត់សំគាល់ពីការផ្ទុកលើកដំបូងនៃឥន្ធនៈនុយក្លេអ៊ែរចូលទៅក្នុងផ្នែកថាមពលដំបូងរបស់រោងចក្រ ហើយលោក Putin បានសាទរនូវគម្រោងនេះថាជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យ ដែលពង្រឹងភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរ។ 
លោកបានកត់សំគាល់ថា ខណៈប្រទេសទួរគី នឹងនាំចូលឧស្ម័នធម្មជាតិរុស្ស៊ីកាន់តែតិច ជាលទ្ធផល ប្រទេសនេះ នឹងទទួលបានប្រយោជន៍នៃការបង្កើតថាមពលនុយក្លេអ៊ែរផ្ទាល់ខ្លួន ដែលនឹងស្ថិតក្នុងចំណោមប្រភពថាមពលមានតម្លៃទាបបំផុត។