ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃទី២៧ មេសា ឆ្នាំ២០២៣កន្លងទៅ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមជំនាញការនៃ មជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស (FECC) នៃក្រសួងកសិកម្ម និងកិច្ចការអភិវឌ្ឍចិន ដើម្បីពិភាក្សាការងារមួយចំនួន។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកបញ្ជាក់អំពីទិសដៅរបស់ក្រសួងគឺធ្វើយ៉ាងណាសម្រេចបាននូវសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងមាននិរន្តរភាពសេដ្ឋកិច្ច។
ទាក់ទងនឹងការងារនេះ គឺកម្ពុជា នឹងមិនប្រកួតប្រជែងលើបរិមាណទេ តែនឹងប្រកួតលើគុណភាព ដើម្បីទទួលបានផលចំណេញដោយគិតគូរដល់បរិស្ថាន (Eco-Friendly) គឺមិនប៉ះពាល់ដល់ព្រៃឈើឡើយ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី គឺក្រសួងនឹងជំរុញការផលិតផលិតផលកសិកម្មប្រកបគុណភាព សុវត្ថិភាពអនាម័យ SPS សម្រាប់នាំចេញទៅប្រទេសចិន ហើយដែលការងារនេះទាមទារឱ្យមាននូវបច្ចេកទេស ផែនការអាជីវកម្ម និងយុទ្ធសាស្ត្រច្បាស់លាស់ ព្រមទាំងអនុវត្តស្របតាមគោលនយោបាយដែលក្រសួងបានដាក់ចេញ៕អត្ថបទ ឈិត បូរ៉ាវី






