អង់គ្លេស៖ សហជីព RMT និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមកម្មករផ្លូវដែករាប់ម៉ឺននាក់នៅអង់គ្លេស នឹងបន្តធ្វើកូដកម្មម្តងទៀតនៅថ្ងៃទី ១៣ ខែឧសភាខាងមុខ ក្រោយច្រានចោលការផ្តល់ជូនប្រាក់បៀវត្សរ៍ចុងក្រោយពីក្រុមហ៊ុនរថភ្លើងនៅក្នុងជម្លោះអូសបន្លាយពេលដ៏យូររបស់ពួកគេ ។

ក្រុមហ៊ុនផ្លូវដែក Rail Delivery Group (RDG) ដែលតំណាងឲ្យឧស្សាហកម្មផ្លូវដែកអង់គ្លេស បានធ្វើការផ្តល់ជូនប្រាក់បៀវត្សរ៍ថ្មី កាលពីដើមខែនេះ ដល់ឲ្យក្រុមកម្មករផ្លូវដែក ដើម្បីបញ្ចប់ជម្លោះរបស់ពួកគេ ។
ប៉ុន្តែ RMT និយាយថា ខ្លួនទទួលបានការបញ្ជាក់លើការផ្តល់ជូនពី RDG ដែលមានន័យថា ការទូទាត់ឆ្នាំដំបូងចំនួន ៥ភាគរយ នឹងមានសុពលភាព បើសិនជា RMT បានបញ្ចប់អាណត្តិឧស្សាហកម្មរបស់ខ្លួន ដែលនេះមានន័យថា គ្មានកូដកម្ម អាចកើតឡើងបន្ថែមទៀតនោះទេ ។
លោក Mick Lynch គឺជាអគ្គលេខាធិការ RMT និយាយថា RDG បានបំពានសំណើរកាលពីដំបូងរបស់ពួកគេ និង បានជាន់ពន្លិចកិច្ចចរចាទាំងនេះ ។
លោកបន្តថា ដូច្នេះហើយពួកយើងគ្មានជម្រើសនោះទេ ក្រៅពីបន្តធ្វើកូដកម្មបន្ថែមទៀត និងបន្តយុទ្ធនាការរបស់ពួកយើងទាមទារឲ្យមានដំណោះស្រាយចរចាលើការទូទាត់ប្រាក់បៀវត្សរ៍ លក្ខខណ្ឌការងារ និងសន្តិសុខការងារ ។
RDGពុំបានឆ្លើយតបភ្លាមៗនោះទេ លើសំណើសុំសេចក្តីអធិប្បាយ ។

សូមបញ្ចាក់ថា បណ្តាញដឹកជញ្ជូនអង់គ្លេស បានរងផលប៉ះពាល់ដោយសារកូដកម្មជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ស្របពេលដែលក្រុមកម្មករទាមទារប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន ដើម្បីទប់ទល់ជាមួយអតិផរណាហក់ឡើងខ្ពស់ ៕