អាសុី ៖ ការសិក្សាថ្មីមួយបានរកឃើញថា សត្វដំរីបានបាត់បង់ជម្រកជិតពីរភាគបីនៅទូទាំងទ្វីបអាស៊ី ដែលជាលទ្ធផលនៃការកាប់បំផ្លាញព្រៃឈើរាប់រយឆ្នាំ និងកំណើនការប្រើប្រាស់ដីរបស់មនុស្សសម្រាប់កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សត្វដំរីអាស៊ីដែលត្រូវបានចុះបញ្ជីថាជាសត្វរងគ្រោះ ត្រូវបានរកឃើញនៅទូទាំង ១៣ប្រទេសក្នុងទ្វីបអាស៊ី ប៉ុន្តែជម្រកព្រៃឈើ និងវាលស្មៅរបស់ពួកវា ត្រូវបានបំផ្លាញជាង ៦៤ភាគរយ ដែលស្មើនឹងផ្ទៃដី ៣.៣ លានគីឡូម៉ែត្រក្រឡា ចាប់តាំងពីឆ្នាំ ១៧០០មក ។
ការស្រាវជ្រាវដែលបានរកឃើញថាការបាត់បង់ច្រើនបំផុតនៃជម្រកសត្វដំរី គឺនៅក្នុងប្រទេសចិន ដែល ៩៤% នៃផ្ទៃដីសមស្របសម្រាប់ជម្រករបស់ពួកវា ត្រូវបានបាត់បង់នៅចន្លោះឆ្នាំ ១៧00 និង ២០១៥ ។ បន្ទាប់មកគឺប្រទេសឥណ្ឌាដែលបាត់បង់ផ្ទៃដីសមស្របចំនួន ៨៦% ។
ការស្រាវជ្រាវដែលត្រូវបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទស្សនាវដ្តី Scientific Reports ប្រមូលចងក្រងស្នាដៃពីការងាររបស់អ្នកជំនាញជាច្រើននាក់ ដឹកនាំដោយជីវវិទូ និងអ្នកវិទ្យាសាស្ត្រផ្នែកអភិរក្ស លោកសាស្ត្រាចារ្យ Shermin de Silva មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ក្នុងរដ្ឋសាន់ឌីអាហ្គោ៕ ដោយ ៖ ស្រីទាវ


