អន្តរជាតិ ៖ ឪពុកម្តាយរបស់ឧក្រិដ្ឋជនបាញ់ប្រហារធនាគារ Louisville លោក Connor Sturgeon កំពុងសម្ដែងការសោកស្ដាយក្នុងបទសម្ភាសន៍ថ្មីមួយជាមួយសារព័ត៌មាន NBC ដោយចែករំលែកពីពេលវេលាដែលឈានទៅដល់ការបាញ់ប្រហារដ៏សាហាវនោះ ព្រមទាំងមធ្យោបាយដែលពួកគេត្រូវដោះស្រាយនឹងសោកនាដកម្មដែលមិនអាចថ្លែងបាននេះ។
លោក Todd និងអ្នកស្រី Lisa Sturgeon បាននិយាយថា ពួកគេដឹងថាកូនប្រុសរបស់ខ្លួនឈ្មោះ Connor Sturgeon កំពុងប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្ត តែអ្វីដែលពួកគេមិនបានដឹងនោះគឺថាគេហ៊ានធ្វើការបាញ់ប្រហារសម្លាប់រង្គាលនោះ។
លោក Connor Sturgeon អាយុ ២៥ ឆ្នាំបានសម្លាប់មនុស្ស ៥ នាក់និងរបួស ៨ នាក់ទៀតនៅធនាគារជាតិចំណាស់មួយជាកន្លែងធ្វើការងាររបស់គេ នៅទីក្រុង Louisville រដ្ឋ Kentucky កាលពីថ្ងៃទី១០ ខែមេសា។ ជនដៃដល់បានប្រើកាំភ្លើង AR-15 ទិញដោយស្របច្បាប់ ខណៈដែលបុគ្គលិកមួយចំនួនបានជួបជុំគ្នាដើម្បីប្រជុំនៅពេលព្រឹកមុនធនាគារបើកបម្រើការជូនសាធារណជន។
សោកនាដកម្មនេះគឺជាការបាញ់ប្រហារមួយក្នុងចំនោមការបាញ់ប្រហារសម្លាប់រង្គាលយ៉ាងហោចណាស់ចំនួន១៧២ករណី នៅសហរដ្ឋអាមេរិកមកទល់ពេលនេះ នេះបើយោងតាមអង្គការឃ្លាំមើលហិង្សាដោយអាវុធ ដែលកំណត់ការបាញ់ប្រហារសម្លាប់រង្គាលនេះថាជាករណីបាញ់ប្រហារដែលបណ្តាលឲ្យមនុស្សស្លាប់ចាប់ពីបួននាក់ទឡើង ដោយមិនរាប់បញ្ចូលខ្មាន់កាំភ្លើងនោះទេ៕ ដោយ ៖ ស្រីទាវ


