រុស្ស៊ី ៖ មន្ត្រីនិយាយថា រុស្ស៊ីបាន បាញ់មីស៊ីលតម្រង់គោលដៅជាង២០គ្រាប់ និងយានដ្រូន២គ្រឿងចូលទីក្រុង គីវនិងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែននៅព្រឹកថ្ងៃសុក្រនេះ បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងវាយប្រហារទៅលើអគារលំនៅឋាន ក្នុងទីក្រុងគីវភាគកណ្តាល។
យោងតាមរដ្ឋបាលទីក្រុងគីវ បានឲ្យដឹងថា ស៊ីរ៉ែនរោទិ៍ឡើងប្រកាសពីការវាយឆ្មក់តាមអាកាស ត្រូវបានលាន់ឮនៅជុំវិញរដ្ឋធានី ក្នុងការវាយប្រហារលើកដំបូងមកលើទីក្រុងនេះ ក្នុងរយៈពេលជិត២ខែកន្លងទៅនេះ ហើយកងកម្លាំងទ័ពអាកាសអ៊ុយក្រែន បានស្ទាក់ចាប់មីស៊ីលតម្រង់គោលដៅចំនួន១១គ្រាប់ និងយានដ្រូនចំនួន២គ្រឿង នៅលើទីក្រុងគីវ។
ពុំមានរបាយការណ៍ភ្លាមៗអំពីមីស៊ីលណាមួយ ដែលវាយប្រហារលើគោលដៅជាច្រើនក្នុងទីក្រុងគីវនោះទេ ប៉ុន្តែបំណែកមកពីមីស៊ីលឬយានដ្រូនដែលស្ទាក់ចាប់បាន បានបំផ្លាញបណ្តាញអគ្គិសនី និងផ្លូវថ្នល់មួយខ្សែ នៅតំបន់ជិតខាង។ ពុំមានអ្នកស្លាប់ឬរងរបួសត្រូវបានរាយការណ៍នោះទេ។
នគរបាលជាតិអ៊ុយក្រែននិយាយថា នៅក្នុងទីក្រុង Uman មានចម្ងាយប្រមាណ២១៥គីឡូម៉ែត្រ ខាងត្បូងទីក្រុងគីវ មីស៊ីលតម្រង់គោលដៅ២គ្រាប់បានធ្លាក់លើអគារលំនៅឋានកម្ពស់៩ជាន់ បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និង១៧នាក់រងរបួស។ កុមារ៣នាក់ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក។

