ថៃ ៖ ក្រុមនគរបាលថៃបានចាប់ខ្លួនស្រ្តីម្នាក់សង្ស័យថាបានធ្វើឃាតមនស្សរាប់សិបនាក់ដោយប្រើប្រាស់សារធាតុ ពុលស៊ីយ៉ាណូហ្សែន ។ អ្នកស្រី Sararat Rangsiwuthaporn វ័យ ៣៦ឆ្នាំ ត្រូវបានឃុំឃាំងកាលពីថ្ងៃពុធ និងត្រូវបានគេច្រានចោលការដាក់ប្រាក់តម្កល់ឲ្យនៅក្រៅឃុំ ។
ក្រុមនគរបាននិយាយថា ជនរងគ្រោះ ត្រូវបានគេស្គាល់ថាជាមិត្ត ឬជាមនុស្សជិតស្និតនឹងស្រ្តីម្នាក់នេះ ហើយភស្តុតាងរកឃើញមកទល់នឹងពេលនេះ បង្ហាញថា ជនរងគ្រោះមានចំនួន ១៣នាក់ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Sararatបានច្រានចោលការចោទប្រកាន់ទាំងអស់នេះ នគរបាលនិយាយថា ពួកយើងមានភស្តុតាងពាក់ព័ន្ធនឹងស្រ្តីម្នាក់នេះ គឺភស្តុតាងសារធាតុពុលស៊ីយ៉ាណូហ្សែន ។ ដូច្នេះហើយវាមិនសំខាន់នោះទេថាតើពួកយើងបានរកឃើញភស្តុងតាង ឬមិនរកឃើញភស្តុតាងដើម្បីដាក់ការចោទប្រកាន់លើរូបនាង ។ ភស្តុតាងដែលពួកយើងមាន គឺច្បាស់លាស់ថាសារធាតុពុលស៊ីយ៉ាណូហ្សែន មានការជាប់ពាក់ព័ន្ធនឹងជនសង្ស័យ ។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា អ្នកស្រី Sararatបានក្លាយជាជនសង្ស័យ ក្រោយករណីស្លាប់ដែលជាប់សង្ស័យកាលពីថ្ងៃទី ១៤ ខែមេសា លើមិត្តភ័ក្តិរបស់គាត់ម្នាក់ បន្ទាប់ពីពួកគេរួមដំណើរជាមួយគ្នា ។
ក្រុមនគរបាលនិយាយថា របាយការណ៍កោសល្យវិច្ច័យសាកសព បង្ហាញថា សាកសពជនរងគ្រោះ មានផ្ទុកសារធាតុស៊ីយ៉ាណូហ្សែន ។ ចាប់តាំងពីពេលនោះមក ក្រុមគ្រួសារជនរងគ្រោះមុនៗ បានមកដាក់ពាក្យបណ្តឹង ដោយពួកគេលើកឡើងថា ករណីស្លាប់មនុស្សជាទីស្រលាញ់របស់ពួកគេ គួរឲ្យសង្ស័យផងដែរ ៕ ដោយ ៖ សារ៉ាត់

